តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមមន្ត្រីធនាគារកណ្តាលអាមេរិកមួយចំនួនបានបង្ហាញពីឆន្ទៈក្នុងការដំឡើងអត្រាការប្រាក់បន្ថែមទៀត ដោយសារការព្រួយបារម្ភថា ការថយចុះនៃអតិផរណាហាក់មិនទាន់មាននិរន្តរភាពនៅឡើយ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៤០%ដល់២៣៦៨,៦៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៨៨ភាគរយដល់២៣៧១,៩០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៥២នាទីព្រឹក។

លោក James Kniveton ពាណិជ្ជករប្តូរប្រាក់បរទេសជាន់ខ្ពស់នៅក្រុមហ៊ុនទូទាត់ឆ្លងដែន Convera លើកឡើងថា “ក្រុមមន្ត្រីធនាគារ Fed បានបង្ហាញការព្រួយបារម្ភថា អតិផរណានឹងមិនអាចធ្លាក់ចុះលឿនដូចការរំពឹងទុក ហើយសមាជិកមួយចំនួនគាំទ្រការដំឡើងអត្រាការប្រាក់បន្ថែមទៀត ប្រសិនបើចាំបាច់”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាពេលនេះ ទីផ្សាររំពឹងថា ធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់សរុបចំនួន០,៤៣%សម្រាប់ឆ្នាំ២០២៤ ជាមួយនឹងការមើលឃើញឱកាស៦៦% នៃការកាត់បន្ថយអត្រាការប្រាក់នៅខែកញ្ញាខាងមុខ។នេះបើយោងតាមសារពត៌មាន Reuters។

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់ត្រឹម១០៤,៨៩ពិន្ទុ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ២,៩១%ដល់៣០,៥៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,៩១%ដល់១០៤០,២០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ១,៣២%ដល់៩៩០,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៤នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here