ថ្លៃជួលអចលនទ្រព្យឧស្សាហកម្មនៅប្រទេសសិង្ហបុរី កើនឡើងក្នុងកម្រិតមធ្យមនៅត្រីមាសទី១

ដោយ: គង់ លាងហួរ

អន្តរជាតិ: ថ្លៃជួលអចលនទ្រព្យភស្តុភារ (Logistics rents) នៅក្នុងប្រទេសសិង្ហបុរី បានកើនឡើង៣,៦% នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៣កន្លងទៅ។ នេះបើយោ ងតាមរបាយការណ៍ ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield ។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យខាងលើអះអាងថា កំណើននៃថ្លៃជួលអចលនទ្រព្យភស្តុភានៅសិង្ហបុរី ត្រូវបានជំរុញ ដោយសារតែការផ្គត់ផ្គង់ នៅមានកម្រិតតិចតួចនៅឡើយ គួបផ្សំនឹងភាពធន់នៃតម្រូវការជួលពីសំណាក់ក្រុមហ៊ុនឡូជីស្ទីក។

ស្ថានភាពនៃការជួលសួនឧទ្យានអាជីវកម្ម (Business parks) នៅតំបន់ក្រវ៉ាត់ក្រុង (City fringe) និងតំបន់ជាយក្រុង បានប្រែប្រួលខុសគ្នាដាច់ស្រឡះតែម្តង។ ម៉្យាងវិញទៀត ការជួលរោងចក្រ និងឃ្លាំងនៅតែបន្តស្ថិត ក្នុងសភាពទ្រឹងនៅក្នុងត្រីមាសទី១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួយ៉ាង ថ្លៃជួលសួនអាជីវកម្មនៅតំបន់ City fringe បានកើនឡើង០,៤% ក្នុងត្រីមាសទី១ បើធៀបនឹងត្រីមាសទី៤ ឆ្នាំមុន ខណៈថ្លៃជួលសួនឧទ្យានអាជីវកម្ម នៅតំបន់ជាយក្រុងបានធ្លាក់ចុះ០,៩ភាគរយ។

សកម្មភាពជួលត្រូវបានគេរំពឹងថា នឹងកើនឡើងនៅឆ្នាំ២០២៤នេះ ស្របពេលដែលវិស័យផលិតកម្ម បង្ហាញសញ្ញាវិជ្ជមាន។  ទោះជាយ៉ាងណាក្តី ការស្ទុះងើបឡើងវិញ នៃវិស័យផលិតកម្មនៅតែមានរអាក់រអួលនៅឡើយ ហើយកំណើននៃថ្លៃជួល នឹងមានកម្រិតមធ្យមនៅឆ្នាំនេះ ដោយសារតែការចំណាយ ផ្នែកហិរញ្ញវត្ថុនៅតែកើនឡើង និងកំណើននៃការផ្គត់ផ្គង់អចលនទ្រព្យប្រភេទផ្សេងៗទៀត។

ជាមួយគ្នានេះ អ្នកជួលជាច្រើននៅក្នុងវិស័យអចលនទ្រព្យឧស្សា ហកម្ម ក៏កំពុងជ្រើសរើសបន្តកិច្ចសន្យាជួល របស់ពួកគេជាថ្មីជាជាងការផ្លាស់ប្តូរទីតាំង ស្របពេលដែលបរិយាកាសហិរញ្ញវត្ថុមានភាពតានតឹងខ្លាំងនាពេលបច្ចុប្បន្ន។

ស្របពេលដែលការផ្គត់ផ្គង់ នៅតែមានកម្រិតតិចតួច បានធ្វើឲ្យថ្លៃជួលអចលនទ្រព្យភស្តុភារប្រណីតៗ(Prime logistics rents) នឹងនៅតែមានភាពរឹងមាំ ជាមួយនឹងការព្យាករណ៍អត្រាកំណើន ក្នុងរង្វង់៥% នៅក្នុងឆ្នាំ២០២៤ បើប្រៀបធៀបនឹងកំណើន៩,៧% កាលពីឆ្នាំមុន។

ចំណែកឯ កំណើននៃថ្លៃជួលឃ្លាំង ត្រូវបានគេព្យាករណ៍ថា នឹងថយចុះមកនៅត្រឹម៤ភាគរយ បន្ទាប់ពីមានការកើនឡើងនៃការផ្គត់ផ្គង់នៅឆ្នាំនេះ៕ប្រភព: Real Estate Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here