ក្រសួងសហការជាមួយអូស្រ្តាលីលើសេចក្តីព្រាងបច្ចេកទេសសម្រាប់ប្រើលើវិស័យហេដ្ឋារចនាសម្ព័ន្ឋ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងបទដ្ឋានបច្ចេក​ទេស សម្រាប់ប្រើប្រាស់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាមួយក្រុមការងារបច្ចេកទេស P4I & Austroads នៃប្រទេសអូស្រ្ដាលី។

កិច្ចប្រជុំនេះបានដឹកនាំដោយ លោកយិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបានពិភាក្សាលើសេចក្តីព្រាងបទដ្ឋានបច្ចេកទេស នៃសញ្ញាចរាចរណ៍ (Traffic Sign)  បច្ចេ​កទេសធារាសាស្ត្រ សម្រាប់រចនាសម្ព័ន្ធផ្លូវទឹក (Hydraulics for waterway structure) ការឌីហ្សាញស្ពាន (Bridge Design)  វិធីសាស្ត្រនៃការធ្វើពិសោធន៍ (Test Method) បទដ្ឋានក្នុងការសាងសង់ (Construction Specification) សម្រាប់ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាមួយក្រុមការងារបច្ចេកទេសP4I & Austroads នៃប្រទេសអូស្រ្ដាលី ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបច្ចេកទេសផងដែរ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីសរុបលទ្ធផលការងារដែលបានពិភាក្សា រវាងក្រុមការងារបច្ចេកទេសក្រ សួង និងក្រុមជំនាញការអូស្ត្រាលី រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៣ ដល់ទី២១ ខែឧសភា ឆ្នាំ២០២៤ និងផែនការសម្រាប់កិច្ចប្រជុំលើកក្រោយដើម្បីបញ្ចប់បទដ្ឋានបច្ចេកទេស នៅខែកញ្ញា ឆ្នាំ២០២៤​​នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានោះផងដែរ លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណ ដល់ការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងមន្រ្តីបច្ចេកទេសទាំងអស់ ព្រមទាំងក្រុមការងារបច្ចេកទេសP4I & Austroads នៃប្រទេសអូស្រ្ដាលី ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងគោលដៅសម្រេចឱ្យបាន នូវការរៀបចំបទដ្ឋានបច្ចេកទេស សម្រាប់ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់​។

បន្ថែមពីនេះ លោកយិត ប៊ុណ្ណាបានសំណូមពរឱ្យក្រុមការងារបច្ចេកទេស P4I & Austroads រៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីបច្ចេកទេសជាបន្តទៀត ដើម្បីពង្រីកចំណេះដឹង និងទទួលបានបច្ចេ​កទេសថ្មីៗស្របទៅតាមស្ថានភាព នៃការអភិវឌ្ឍរបស់សង្គមជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here