តម្លៃប្រេងបានធ្លាក់ចុះ ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃពុធនេះ ស្របពេលមានការរំពឹងទុកថា ធនាគារ Fed អាចរក្សាទុកអត្រាការប្រាក់ឱ្យស្ថិតនៅកម្រិតខ្ពស់ដដែល ក្នុងរយៈពេលយូរ ដែលការណ៍នេះអាចជះផលប៉ះពាល់ដល់ការប្រើប្រាស់ប្រេងឥន្ធនៈនៅក្នុងសហរដ្ឋអាមេរិក។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៤៣សេន មកត្រឹម៨២,៤៥ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានធ្លាក់ចុះ៥០សេន មកត្រឹម៧៨,១៦ដុល្លារក្នុងមួយប៉ារ៉ែល។

ក្រុមមន្ត្រីធនាគារកណ្តាលអាមេរិកអះអាងថា ខ្លួននឹងរង់ចាំមើលទិន្នន័យជាច្រើនខែទៀត ដើម្បីធានាថា អតិផរណាពិតជាអាចត្រលប់ទៅកាន់គោលដៅ២% មុនពេលខ្លួនចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់។

តួយ៉ាង លោក Christopher Waller ទេសាភិបាលធនាគារ Fed បានថ្លែងប្រាប់វិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិក្នុងទីក្រុង Washington កាលពីថ្ងៃអង្គារម្សិលមិញនេះថា “ខ្ញុំនឹងត្រូវរង់ចាំមើលទិន្នន័យអតិផរណាជាច្រើនខែទៀត មុនពេលដែលខ្ញុំគាំទ្រការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាពេលនេះ ទីផ្សាររំពឹងថា ធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់សរុបចំនួន០,៤៣%សម្រាប់ឆ្នាំ២០២៤ ជាមួយនឹងការមើលឃើញឱកាស៦៦% នៃការកាត់បន្ថយអត្រាការប្រាក់នៅខែកញ្ញាខាងមុខ។នេះបើយោងតាមសារពត៌មាន Reuters។

នៅព្រឹកថ្ងៃពុធនេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០៤,៦១ពិន្ទុ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃពុធនេះ ស្របពេលដែលអ្នកវិនិយោគសង្ឃឹមថា ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់យក្ស Nvidia អាចសម្រេចបានទំហំប្រាក់ចំណូលយ៉ាងច្រើនលើសលប់ដូចការរំពឹងទុក។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃពុធនេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃប្រមាណ០,៤៣ភាគរយ គិតត្រឹមម៉ោង១០:១០នាទីព្រឹក។

ប៉ុន្តែ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៥៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៣៥ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,១១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,០២៥ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,០២៤ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,០៥៤ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here