តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមមន្ត្រីធនាគារកណ្តាលអាមេរិកអះអាងថា ខ្លួននឹងរង់ចាំមើលទិន្នន័យជាច្រើនខែទៀត ដើម្បីធានាថា អតិផរណាពិតជាអាចត្រលប់ទៅកាន់គោលដៅ២% មុនពេលខ្លួនចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១៥%ដល់២៤១៧,៩៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០៥ភាគរយដល់២៤២៤,៦០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៣នាទីព្រឹក។

លោក Christopher Waller ទេសាភិបាលធនាគារ Fed បានថ្លែងប្រាប់វិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិក្នុងទីក្រុង Washington កាលពីថ្ងៃអង្គារម្សិលមិញនេះថា “ខ្ញុំនឹងត្រូវរង់ចាំមើលទិន្នន័យអតិផរណាជាច្រើនខែទៀត មុនពេលដែលខ្ញុំគាំទ្រការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ”។

នាពេលនេះ ទីផ្សាររំពឹងថា ធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់សរុបចំនួន០,៤៣%សម្រាប់ឆ្នាំ២០២៤ ជាមួយនឹងការមើលឃើញឱកាស៦៦% នៃការកាត់បន្ថយអត្រាការប្រាក់នៅខែកញ្ញាខាងមុខ។នេះបើយោងតាមសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅព្រឹកថ្ងៃពុធនេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០៤,៦១ពិន្ទុ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,២៩%ដល់៣២,១៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានស្ថិតនៅទ្រឹងត្រឹម១០៦០,៩០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,១៧%ដល់១.០៣២ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៦នាទីព្រឹកថ្ងៃពុធនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here