តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃច័ន្ទនេះ ស្របពេលមានភាពមិនប្រាកដប្រជាផ្នែកនយោបាយនៅក្នុងប្រទេសផលិតប្រេងធំៗ បន្ទាប់ពីប្រធានាធិបតីអុីរ៉ង់បានទទួលមរណភាពក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ ហើយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតបានលុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ដោយលើកឡើងពីបញ្ហាសុខភាព។

តម្លៃប្រេងឆៅ Brent បានកើនឡើង១០សេន ឬ០,១% ដល់៨៤,០៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0454 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ៥សេនដល់៨០,០១ដុល្លារក្នុងមួយបារ៉ែល។

អ្នកវិនិយោគកំពុងផ្តោតលើរបាយការណ៍សន្ទស្សន៍ថ្លៃចំណាយនៃការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា បន្ទាប់ពីលោក John Williams ប្រធានធនាគារ Fed ប្រចាំទីក្រុងញូវយ៉ក បានលើកឡើងថា ដំណឹងវិជ្ជមានជុំវិញការថយចុះនៃអតិផរណា គឺមិនគ្រប់គ្រាន់ទេ ក្នុងការអំពាវនាវឱ្យធនាគារកណ្តាលអាមេរិកកាត់បន្ថយអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះ។

នាពេលនេះ ទីផ្សាររំពឹងថា ធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់សរុបចំនួន០,៤៦%ប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៤ ដោយក្នុងនោះ កិច្ចប្រជុំនៅខែវិច្ឆិកាខាងមុខ មានឱកាសខ្ពស់បំផុតនៃការបញ្ចុះអត្រាការប្រាក់។នេះបើយោងតាមសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅព្រឹកថ្ងៃច័ន្ទនេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០៤,៤៦ពិន្ទុ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានងើបឡើងថ្លៃផងដែរ នៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ ពី រដ្ឋាភិបាលចិនប្រកាសដាក់ចេញវិធានការដ៏ខ្លាំងក្លាបំផុតដើម្បីដោះស្រាយវិបត្តិអចលនទ្រព្យនៅក្នុងប្រទេសរបស់ខ្លួន។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃប្រមាណ០,៤០ភាគរយ គិតត្រឹមម៉ោង៩:៤៥នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,៤០ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៥៦ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,២៧ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,៣៩ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៦១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៧០ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here