ដោយៈ ហ្វីអូណា
សៀមរាបៈ អភិបាលស្តីទីខេត្តសៀមរាប លោកយុន លីនណាបានជួបពិភាក្សាការងារ ជាមួយលោកចូវ ស៊ានយី (Zhou Xianyi ) លេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ទទួលបន្ទុកក្រុង Sichuan Tianfu New Area ដើម្បីពង្រីកកិច្ចសហប្រតិតបត្តិការលើវិស័យមួយចំនួន។
ក្នុងជំនួបកាលពីចុងសប្តាហ៍មុន លោកប្រធានប្រតិភូ ក៏បានគោរពជម្រាបជូនអភិបាលខេត្តស្តីទីថា ប្រទេសចិន និងកម្ពុជា គឺជាមិត្តដ៏ជិតស្និទ្ធ ស្មោះត្រង់ និងជាមិត្តដែកថែប។ ប្រទេសកម្ពុជា មានសម្រស់ស្រស់ត្រកាល មានសកក្តានុពលលើវិស័យកសិកម្ម ទេសចរណ៍។
លោកអភិបាលខេត្តស្តីទី បានសម្តែងនូវការស្វាគមន៍ចំពោះលោកចូវ ស៊ានយី (Zhou Xianyi ) និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅខេត្តសៀមរាប ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងខេត្តសៀមរាប និងខេត្តស៊ីឈួន។
បន្ថែមលើនេះ លោក បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលបានរួមចំណែកផ្តល់លទ្ធភាពដល់កម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ ស្ពាន ព្រលានយន្តហោះ ជាក់ស្តែងអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ ជាដើមដែលបានរួមចំណែកដល់ កំណើនសេដ្ឋកិច្ចប្រជាជនខេត្តសៀមរាប និងទ្រទ្រង់ដល់វិស័យទេសចរណ៍។
លោកបញ្ជាក់ថា “ខេត្តសៀមរាប មានវិស័យចំនួន៣សំខាន់ គឺវិស័យទេសចរណ៍ កសិកម្ម និងវិស័យវប្បធម៌ ដោយសារតែខេត្តសៀមរាប គឺជាអតីតរាជធានីនសប្រទេសកម្ពុជា កាលពីសម័យជាង៥០០ឆ្នាំមុន”។
អភិបាលខេត្តស្តីទី និងលោកចូវ ស៊ានយី (Zhou Xianyi ) បានឯកភាពគ្នាបន្តពង្រឹង កិច្ចសហប្រតិបត្តិការ ដែលមានស្រាប់លើវិស័យទេសចរណ៍ អប់រំ ពាណិជ្ជកម្ម វប្បធម៌ និងវិស័យផ្សេងៗទៀត និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗទៀត៕
