តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃច័ន្ទនេះ ខណៈដែលអ្នកវិនិយោគកំពុងរង់ចាំមើលតម្រុយបន្ថែមទៀតដើម្បីវាស់ស្ទង់គោលជំហរលើអត្រាការប្រាក់របស់សហរដ្ឋអាមេរិក បន្ទាប់ពីក្រុមមន្ត្រីធនាគារ Fed បង្ហាញមតិប្រុងប្រយ័ត្ន បើទោះបីជាអតិផរណាបង្ហាញសញ្ញានៃការថយចុះយ៉ាងណាក្តី។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៨៤%ដល់២៤៣៧,៨០ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៧៤ភាគរយដល់២៤៣២,៧៤ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៣០នាទីព្រឹក។

អ្នកវិនិយោគកំពុងផ្តោតលើរបាយការណ៍សន្ទស្សន៍ថ្លៃចំណាយនៃការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា បន្ទាប់ពីលោក John Williams ប្រធានធនាគារ Fed ប្រចាំទីក្រុងញូវយ៉ក បានលើកឡើងថា ដំណឹងវិជ្ជមានជុំវិញការថយចុះនៃអតិផរណា គឺមិនគ្រប់គ្រាន់ទេ ក្នុងការអំពាវនាវឱ្យធនាគារកណ្តាលអាមេរិកកាត់បន្ថយអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះ។

នាពេលនេះ ទីផ្សាររំពឹងថា ធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់សរុបចំនួន០,៤៦%ប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៤ ដោយក្នុងនោះ កិច្ចប្រជុំនៅខែវិច្ឆិកាខាងមុខ មានឱកាសខ្ពស់បំផុតនៃការបញ្ចុះអត្រាការប្រាក់។នេះបើយោងតាមសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅព្រឹកថ្ងៃច័ន្ទនេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០៤,៤៦ពិន្ទុ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានកើនឡើង៤,២៦%ដល់៣២,៥៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៨៤ភាគរយដល់១០៩៩,២០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានកើនឡើង១,០៦ភាគរយដល់១០២១,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៣៣នាទីព្រឹកថ្ងៃច័ន្ទនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here