តើពលរដ្ឋកូរ៉េខាងត្បូងបញ្ជាទិញទំនិញពីប្រទេសណាខ្លះ ច្រើនជាងគេ?

ដោយ: គង់ លាងហួរ

សេអ៊ូល: យោងតាមទិន្នន័យបានបង្ហាញថា ការបញ្ជាទិញរបស់អតិថិជនកូរ៉េខាងត្បូង ដោយផ្ទាល់មកពីប្រទេសចិន បានកើនឡើងជាង៥០ភាគរយ នៅក្នុងត្រីមាសទី១ឆ្នាំនេះ ដែលជាអត្រាកំណើនដ៏ខ្ពស់បំផុតមិនធ្លាប់មាន។

យោងតាមទិន្នន័យពីស្ថាប័ន Statistics Korea បានឱ្យដឹងថា ការបញ្ជាទិញដោយផ្ទាល់ តាមអ៊ីនធឺណិតពីក្រៅប្រទេស បានកើនឡើង៩,៤ភាគរយ ដល់ទំហំទឹកប្រាក់១,៦៥ទ្រីលានវ៉ុន (ប្រមាណ១,១៩ពាន់លានដុល្លារ) ក្នុងអំឡុងខែមករាដល់ខែមីនា បើធៀបនឹងឆ្នាំមុន។

ក្នុងចំណោមទឹកប្រាក់សរុប គេសង្កេតឃើញថា ក្នុងនោះ ប្រតិ​បត្តិការជាមួយប្រទេសចិន មានទំហំទឹកប្រាក់ចំនួន៩៣៨,៤ពាន់លានវ៉ុន កើនឡើង៥៣,៩ភាគរយ បើធៀបនឹងឆ្នាំមុន បន្ទាប់មកគឺ ប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ចំនួន៣៧៥,៣ពាន់លានវ៉ុន និងប្រតិបត្តិការជាមួយសហភាពអឺរ៉ុប មានទំហំទឹកប្រាក់ចំនួន១៤២,១ពាន់លានវ៉ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការទិញទំនិញដោយផ្ទាល់ ពីប្រទេសចិនបានគ្របដណ្តប់ចំណែ​ក៥៧ភាគរយ នៃការទិញទំនិញពីបរទេសសរុប ដោយផ្ទាល់របស់ពលរដ្ឋកូរ៉េខាងត្បូង នៅក្នុងត្រីមាសទីមួយ ដែលជាចំនួនដ៏ធំបំផុតមិនធ្លាប់មាន។

យោងតាមប្រភពទិន្នន័យដដែលខាងលើ បានបង្ហាញឱ្យដឹងទៀតថា សហរដ្ឋអាមេរិក បានកាន់កាប់ចំណែក២២,៨ភាគរយ នៃការបញ្ជាទិញទំនិញដោយផ្ទាល់ តាមអនឡាញសរុបពីសំណាក់ពល​រដ្ឋកូរ៉េខាងត្បូង ខណៈដែលសហភាពអឺរ៉ុប(EU) បានកាន់កាប់ចំណែក៨,៦ភាគរយ។

ទន្ទឹមនឹងនេះដែរ ប្រតិបត្តិការទិញទំនិញតាមអនឡាញ នៅក្នុងប្រទេសកូរ៉េខាងត្បូង បានកើនឡើង១០,៧ភាគរយ ដល់ទំហំទឹកប្រាក់៥៩,៦៨ទ្រីលានវ៉ុន នៅក្នុងត្រីមាសទីមួយ បើធៀបនឹងឆ្នាំមុន។

ការទិញ ដែលធ្វើឡើងតាមរយៈទូរស័ព្ទស្មាតហ្វូន ថេប្លេត និងឧបករណ៍ចល័តផ្សេងទៀត បានកើនឡើង១០,៨ភាគរយ ដល់ទំហំទឹកប្រាក់៤៤,៣៦ទ្រីលានវ៉ុន ក្នុងត្រីមាសទី១ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ប្រភព: Yonhap៕

LEAVE A REPLY

Please enter your comment!
Please enter your name here