ដោយៈ និស្ស័យ
ភ្នំពេញៈ លោកតាត ពុធសុដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ លោក Ozgur Demirkol អនុប្រធានការិយាល័យប្រចាំតំបន់ នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក។
ជំនួបនេះធ្វើឡើង ដើម្បីពិភាក្សាអំពី កិច្ចសហប្រតិបត្តិការសម្រាប់កម្មវិធី អាហារូបករណ៍ Japan-IMF Scholarship Program for Asia (JISPA) សម្រា ប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដើម្បីបង្កើនការអភិវឌ្ឍសមត្ថភាពស្ថាប័ន តាមរយៈការបណ្តុះបណ្តាលលើគោលនយោបាយពាណិជ្ជកម្ម ជូនមន្ត្រីរាជការវ័យក្មេង។
លោករដ្ឋលេខាធិការ បានជម្រាបជូនលោក Ozgur Demirkol អំពីបេសកកម្មរបស់វិទ្យាស្ថាន បណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្ម និងលទ្ធផលនៃការវាយតម្លៃអំពីតម្រូវការបណ្តុះបណ្តាលថ្មីៗ ព្រមទាំងបានបង្ហាញពីបំណងដាក់បញ្ចូលការរកឃើញទាំងអស់ ទៅក្នុងកម្មវិធីសិក្សារបស់JISPA ដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រី ក្នុងការរៀបចំ និងអនុវត្តគោលនយោបាយពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព ដែលអាចជួយជំរុញការនាំចេញរបស់កម្ពុជា នាពេលអនាគត។
លោករដ្ឋលេខាធិការ ក៏បានស្នើសុំឱ្យភាគី IMF សិក្សាបន្ថែមលើលទ្ធភាព ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលផ្សេងទៀត ក្រៅពីគោលនយោបាយពាណិជ្ជកម្ម ដែលជាតម្រូវការរបស់មន្រ្តីរាជការរបស់ក្រសួងពាណិជ្ជកម្ម ដែលទទួលបានពីរង្វាយតម្លៃ នៃវគ្គបណ្តុះបណ្តាល។
ជាការឆ្លើយតបលោក Ozgur Demirkol បានថ្លែងអំណរគុណ លោករដ្ឋលេខាធិការ ដែលបានចែករំលែកព័ត៌មាន និងយោបល់ដ៏មានតម្លៃ សម្រាប់កែលម្អកម្មវិធីសិក្សារបស់ JISPA និងភាពលេចធ្លោនៃកម្មវិធីនេះ ដើម្បីទាក់ទាញបេក្ខជនកាន់តែច្រើន នៅទូទាំងប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោកបានសន្យាបន្តកិច្ចសហការរបស់ IMF ជាមួយ TTRI និងទីភ្នាក់ងាររដ្ឋាភិបាលដ៏ទៃទៀត ដើម្បីរៀបចំកម្មវិធីអាហារូបករណ៍នេះឡើងវិញ សំដៅបំពេញតម្រូវការជាក់លាក់របស់មន្ត្រីក្រសួងពាណិជ្ជកម្ម និងមន្ត្រីរាជការកម្ពុជាទូទៅ។
JISPA គឺជាកម្មវិធីសិក្សាផ្តោតលើម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយសាធារណៈ ឬវិស័យទាក់ទងផ្សេងៗទៅនៅក្នុងសកលវិទ្យាល័យនានានៅជប៉ុន ហើយកម្មវិធីអាហារូបករណ៍នេះ ផ្តល់ជូនភាពជាដៃគូ ជាមួយសាកលវិទ្យាល័យជាច្រើន សម្រាប់កម្មវិធីអនុបណ្ឌិត និងផ្លូវបើកចំហសម្រាប់កម្មវិធី បញ្ចប់ការសិក្សាជាច្រើនទៀត រួមទាំងកម្មវិធីបណ្ឌិត នៅក្នុងសាកលវិទ្យាល័យណាមួយ នៅក្នុងប្រទេសជប៉ុន។
ជាក់ស្តែងអាហារូបករណ៍ថ្មីប្រហែល៣០កន្លែង ត្រូវបានផ្តល់ជូនជារៀងរាល់ឆ្នាំ ជាមួយសកលវិទ្យាល័យជាដៃគូ ហើយមានតែជ័យលាភីអាហារូបករណ៍ មួយចំនួនតូចប៉ុណ្ណោះដែលត្រូវបានជ្រើសរើស៕