តម្លៃប្រេងបានកើនឡើង ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះ នៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃសុក្រនេះ ស្របពេលមានសញ្ញាបង្ហាញថា តម្រូវការប្រេងឆៅសកលមានភាពប្រសើរឡើង និងការថយចុះនៃអតិផរណានៅក្នុងសហរដ្ឋអាមេរិក ដែលជាប្រទេសប្រើប្រាស់ប្រេងច្រើនបំផុតមួយរបស់ពិភពលោក។

តម្លៃប្រេងឆៅ Brent បានកើនឡើង២១សេន ដល់៨៣,៤៨ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0018 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures(WTI) បានកើនឡើង១៨សេន ដល់៧៩,៤១ដុល្លារក្នុងមួយបារ៉ែល។

ទន្ទឹមនឹងនេះដែរ លោក John
Williams ប្រធានធនាគារ Fed ប្រចាំទីក្រុងញូវយ៉ក បានអះអាងថា ដំណឹងវិជ្ជមានជុំវិញការថយចុះនៃអតិផរណា គឺមិនគ្រប់គ្រាន់ ក្នុងការអំពាវនាវឱ្យធនាគារកណ្តាលអាមេរិកកាត់បន្ថយអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះទេ។

នាពេលនេះ ទីផ្សាររំពឹងថា ធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់សរុបចំនួន០,៤៧%ប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៤ ដោយក្នុងនោះ កិច្ចប្រជុំនៅខែវិច្ឆិកាខាងមុខ មានឱកាសខ្ពស់បំផុតនៃការបញ្ចុះអត្រាការប្រាក់។នេះបើយោងតាមសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅថ្ងៃសុក្រនេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណប្រាក់អឺរ៉ូ បានប្រឈមមុខនឹងការធ្លាក់ថ្លៃចុះប្រចាំសប្តាហ៍ដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេល២ខែកន្លះកន្លងមកនេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានធ្លាក់ថ្លៃចុះផងដែរ នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ ពី ក្រុមមន្ត្រី ធនាគារ កណ្តាល អាមេរិក អះអាងថា អត្រា ការ ប្រាក់ អាច នឹង បន្តស្ថិតក្នុងកម្រិតខ្ពស់ បែបនេះក្នុង រយៈ ពេល យូរ បើ ទោះ ជា អតិផរណា បង្ហាញ សញ្ញា នៃការថយចុះយ៉ាងណាក្តី។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានធ្លាក់ថ្លៃចុះប្រមាណ០,៣៨ភាគរយ គិតត្រឹមម៉ោង១០:២១នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៣៦ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,១១ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,២២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,១៣ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,៦៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៩៤ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here