ស្ថាប័នចំនួនបីចុះកិច្ចព្រមព្រៀងធានាឥណទានសម្រាប់ការនាំចេញអង្ករក្នុងទឹកប្រាក់៣០លានដុល្លារ

        ដោយៈ និស្ស័យ

        ភ្នំពេញៈ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ (C​G​CC) ​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CR​F​) ​និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​ចូលរួម​ (​P​F​I​s) ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ លើ​គម្រោង​ធានា​ការនាំចេញ​អង្ករ​ចំនួន​៣​០​លាន​ដុល្លារ​ (R​E​G​S)។

ឥណទាននេះផ្តល់ក្នុងគោលបំណង ​ដើម្បី​ជួយ​រោង​ម៉ាស៊ីនកិនស្រូវ​ស្តុក​ទុក​សម្រាប់​កិន​ ​កែច្នៃ​ ​ការនាំចេញ​ ​និង​ការ​បង្កើន​ផលិតផល​តម្លៃ​បន្ថែម​ក្នុងស្រុក​។​

ពិធី​ចុះហត្ថលេខា​នេះ​ធ្វើឡើង ​កាលពី​ថ្ងៃសុក្រ​ស​ប្តាហ៍​មុន​ក្រោមអធិបតីភាព​ ​លោក​ ​រស់​ ​សីល​វ៉ា​ ​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ក្រុមប្រឹក្សា​ភិ​បាល​នៃ​សាជីវកម្ម ​ធានា​ឥណទាន​កម្ពុជា​ ​និង​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​នៃ​ ​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ​ស្ថាប័ន​ហិរញ្ញវត្ថុ​ ​និង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ច​សហប្រតិបត្តិការ​ជា​ផ្លូវការ ​ដោយ​ភាគី​ទាំង​បី​លើ​គម្រោង​ធានា​ការនាំចេញ​អង្ករ​ ​​សំដៅ​បង្កើន​ផលិតភាព​ ​និង​ការប្រកួតប្រជែង​នៃ​ឧស្សាហកម្ម​អង្ករ​របស់​កម្ពុជា​ ​និង​ជំរុញ​ការនាំចេញ​អង្ករ​ស្របតាម​គោល​នយោបាយ​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ស្តីពី​វិ​ស័​យ​កសិកម្ម​។​

សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ ​បាន​ដាក់​ចេញ​នូវ​គម្រោង​ធានា​ការនាំចេញ​អង្ករ​ ​ជា​គម្រោង​ធានា​ឥណទាន​ជា​កញ្ចប់​ (​Port​folio​ ​Guarantee​ ​Scheme​) ​ដែល​មាន​ស្ថាប័ន​ហិរញ្ញវត្ថុ​ ចំនួន​ប្រាំពីរ​ចូលរួម​ ​រួម​មាន​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ អេ អឹ​ម​ ខេ ​ធនាគារ​កា​ណា​ឌី​យ៉ា​ ​ធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា​ (​F​T​B) ​ធនាគារ​មេ​យ​ប៊ែ​ង​(ខេ​ម​បូ​ឌា) ​ធនាគារ​ព្រី​ន​ស៍ ​ធនាគារ​ស្ថាបនា​ ​និង​ធនាគារ​វី​ង​ (​កម្ពុជា​)​។​

​គម្រោង​នេះ​នឹង​ដោះស្រាយ​តម្រូវ​ការ ​ហិរញ្ញប្បទាន​របស់​អ្នកនាំ​ចេញ​អង្ករ​ ​និង​រោង​ម៉ាស៊ីនកិនស្រូវ​ ​ដែល​មិន​មាន​វត្ថុ​បញ្ចាំ​ ​ដើម្បី​ទទួល​ប្រាក់​ក​ម្ចី​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ ​ជាពិសេស​ក្នុង​រដូវ​ប្រមូល​ផល​។​

​លោក​ ​រស់​ ​សីល​វ៉ា​ ​បាន​មានប្រសាសន៍ថា​ ​កា​រដាក់​ឱ្យ​ដំណើរការ​គម្រោង​នេះ​ ​គឺជា​ការ​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ របស់​   រដ្ឋាភិបាល​ ​ក្នុង​ការ​គាំទ្រ​ផលិតកម្ម​ស្រូវ​ ​និង​ការនាំចេញ​អង្ករ​របស់​កម្ពុជា​ ​តាមរយៈ​គម្រោង​ធានា​ឥណទាន​សាធារណៈ​ ​ដែល​C​G​CC ​ជា​ប្រតិបត្តិ​ករ​ ​ដោយ​ផ្តល់​ការធានា​ចំនួន​​៨​០​ភាគរយ​ ​ជាមួយនឹង​ប្រាក់​ក​ម្ចី​អតិបរមា​រហូតដល់​៣​​លាន​ដុល្លារ​។​

លោក​បាន​មានប្រសាសន៍ថា​ “R​E​G​S ​នឹង​គាំទ្រ​ដល់​តម្រូវ​ការ​ហិរញ្ញប្បទាន​របស់​អ្នកនាំ​ចេញ​អង្ករ​ ​និង​រោង​ម៉ាស៊ីនកិនស្រូវ​ ​ដើម្បី​ទិញ​ស្រូវ​ពី​កសិករ​ ​ដើម្បី​ផលិត​ស្រូវ​សម្រាប់​នាំចេញ​ ​ស្របតាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល ​ក្នុង​ការ​បង្កើន​ផលិតកម្ម​​និង​នាំចេញ​អង្កររបស់កម្ពុជា​”​។​

លោក​ឧកញ៉ា​ចាន់​ ​សុខ​ឃាំង​ ​ប្រធាន​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ​បាន​មានប្រសាសន៍ថា​ ​កញ្ចប់​ធានា​ឥណទាន​ស្រូវ ​នឹង​ជួយ​ឱ្យ​រោង​ម៉ាស៊ីនកិនស្រូវ​ ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ ​ក្នុង​ការ​ប្រមូលស្រូវ​ស្តុក​សំរាប់​កិន​កែច្នៃ​នាំចេញ​ ​បង្កើត​ ​និង​បង្កើន​នូវ​ផលិតផល​តម្លៃ​បន្ថែម​នៅ​ក្នុងស្រុក​ ​ដែល​កើត​ចេញពី​អនុផល​ នៃ​ការ​កិនស្រូវ​ទាំងអស់​ដល់​វិ​ស័​យ​ផ្សេងទៀត​ ​ដូចជា​វា​រី​វប្បកម្ម​ ​និង​កសិដ្ឋាន​ចិញ្ចឹមសត្វ​។​

​លោក​បាន​បន្ថែម​ថា​ “​កញ្ចប់​ធានា ​ក៏​ជា​ការ​លើកទឹកចិត្ត​បន្ថែម​សម្រាប់​ពង្រីក​ការនាំចេញ​ ដល់​មួយលាន​តោន​ក្នុង​មួយ​ឆ្នាំ​​ដែល​កំ​ណ​ត់ ​ដោយ​គោល​នយោបាយ​ផលិតកម្ម​ស្រូវ ​របស់​រាជរដ្ឋាភិបាល​ ​ហើយ​យើង​ជឿជាក់​ថា​ ផែនការ​នេះ​នឹង​សម្រេច​បាន​នៅ​ឆ្នាំ​២​០​២​៥​” ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here