រដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកាជិត៥២០លានដុល្លារដើម្បីសង បំណុលបរទេស

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា ​បាន​បញ្ចេញ​ប្រាក់​ជិត៥២០​ លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​ ២០២៣ ដើម្បី​ធ្វើការ​ទូទាត់​សេវា​បំណុល​របស់ខ្លួន ដោយ​ចំនួន​នេះ​កើនឡើង​ជាង១០​ភាគរយ​ បើ​ធៀប​ឆ្នាំ២០២២។

:​គិត​ត្រឹម​ចុង​​ឆ្នាំ​ ២០២៣ កម្ពុ​ជាមាន​សន្និធិ​បំណុល​សាធារណៈ​សរុប​ជាង១១​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

ឯកសារ​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​ (Cambodia Public Debt Statistical Bulletin)​ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ្យដឹងថា ក្នុង​ត្រី​មាស​ទី​៤ ឆ្នាំ ​២០២៣ រដ្ឋា​ភិ​បាល​បាន​ទូទាត់​សេវា​បំណុល​សរុប​ចំនួន៨២,១៤​ លាន​ដុ​ល្លារ​អាមេរិក​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជារួម​នៅក្នុង​ឆ្នាំ​ ២០២៣ រាជរដ្ឋាភិបាល​បាន​ទូទាត់​សេវា​បំណុល​សរុប​ចំនួន៥១៩,៧ ​លាន​ដុល្លារ​អាមេរិក ដែល​រួមមានទី១ ​ក្របខ័ណ្ឌ​បំ​ណុល​សាធារណៈ ​ក្រៅប្រទេស​មាន​ប្រមាណ៤៩៥,២៦ ​លាន​ដុល្លារ​អាមេរិក​ (​ប្រាក់​ដើម ៣៧៩,៦៧លាន​ដុល្លារ និង​ការប្រាក់​​កម្រៃ​ផ្សេងៗ ១១៥,៦ លាន​ដុល្លារ​) និងទី២ ក្របខ័ណ្ឌ​បំណុល​សាធារណៈ​ក្នុងប្រទេស មាន​ប្រមាណ២៤,៤៤លាន​ដុល្លារ ​(​ប្រាក់​ដើម ២៣,២៩​លាន​ដុ​ល្លារ​ ការប្រាក់១,១៥​ លាន​ដុល្លារ​)​។

ប្រាក់​ដែល​រដ្ឋាភិបាល​បញ្ចេញ​ នៅក្នុង​ឆ្នាំ​២០២៣ គឺ​កើនឡើង ១២​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០២២​។​

ទោះយ៉ាងណា​ទន្ទឹម នឹង​ការទូទាត់​សេវា​បំណុល​ខាងលើ ក្នុង​ឆ្នាំ​ ២០២៣ រដ្ឋាភិបាល​ក៏បាន​ចុះ​កិច្ចព្រមព្រៀង ​ឥណទាន​សម្បទាន​ថ្មី​ជាមួយ​ដៃគូ​អភិ​វ​ឌ្ឍ​នានា​សរុប១,៨១​ ប៊ី ​(​ពាន់​) ​លាន​ដុល្លារ​អាមេរិក សមមូល១៣៣៩,២២ ​លាន​អេស​ដេ​អ៊ែ ដែល​ស្មើ​ប្រមាណ៧៩​ភាគរយ​នៃ​ពិតាន​ដែល​ច្បាប់​អនុ​ញ្ញាត​ (១ ៧០០ ​លាន​អេស​ដេ​អ៊ែ​) ក្នុងនោះ​ក្របខ័ណ្ឌ​ទ្វេភាគី មាន​ប្រមាណ៥៧​ភាគរយ និង​ក្របខ័ណ្ឌ​ពហុភាគី មាន​ប្រមាណ ៤៣ ​ភាគរយ​។ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០២២ គឺ​ការចុះ​កិច្ចព្រមព្រៀង​ឥណទាន​ស​ម្ប​ទាន​ថ្មី ​ក្នុង​ឆ្នាំ​២០២៣ មានការ​ថយចុះ​ប្រមាណ១៦ភាគរយ​។​

ឯក​សារបាន​បញ្ជាក់ថា​ ​ឥណទាន​ទាំងនេះ​សុទ្ធសឹង​ជា​ឥណទាន​មាន​កម្រិត​សម្បទាន​ខ្ពស់ ដោយមាន​ធាតុ​អំណោយ​ជា​មធ្យម​ប្រមា​ណ​៤៥​ភាគ​រយ​។ គោលដៅ​ការចុះ​កិច្ចព្រមព្រៀង​ឥណទាន​ថ្មី ​ទាំងនេះ ​គឺ​សម្រាប់​បំពេញតម្រូវការ​ហិរញ្ញប្បទាន​ ក្នុង​វិស័យ​អាទិ​ភាព​របស់​រាជរដ្ឋាភិបាល ​ដើម្បី​សំដៅ​រួមចំណែក​ទ្រទ្រង់​ចីរភាព ​នៃ​កំណើ​ន​រយៈពេល​វែង និង​បង្កើត​ផលិតភាព​សេដ្ឋកិច្ច ឬ​ផលិតភាព​ផលិត​កម្ម​​។​

សម្រាប់​ស​ន្និ​បំណុល​កម្ពុជា​ គិត​នៅត្រឹម​ដំណាច់ឆ្នាំ​២០២៣ (​គិត​ទាំង​បំ​ណុល​មរតក​) គឺមាន​សរុប១១,២៤ ប៊ី​(​ពាន់​)​ លាន​ដុល្លារ​អាមេរិក ក្នុង​នោះ៩៩,៥​ភាគរយ ត្រូវ​នឹង​ប្រមាណ១១,១៩​ ប៊ី​លាន​ដុល្លា​រ​ជា​បំណុល​សាធារណៈ​ក្រៅប្រទេស ​(​ក្របខ័ណ្ឌ​ទ្វេភាគី​ប្រមាណ ៦៤​ ភាគរយ និង​ក្របខ័ណ្ឌ​ពហុភាគី៣៦​ភាគរយ​)​ និង ០,៥​ ភាគរយ ត្រូវ​នឹង​ប្រមាណ៥២,៣៩​លាន​ដុល្លារ ជា​បំណុល​សាធារណៈ​ក្នុងប្រទេ​ស​។​

យោងតាម​ឯកសារ គឺ​សមាសភាគ​បំណុល​សាធារណៈ រួមមាន ៤៦​ ភាគ​​រយ​ជា​ដុល្លារ​អាមេរិក​, ១៩ ​ភាគរយ​ជា​អេស​ដេ​អ៊ែ​, ១១​ ភាគរយ​ជា​យ័ន​ចិន​, ១១​ភាគរយ ជា​យេន​ជប៉ុន​, ៧​ភាគរយ​ជា​អឺរ៉ូ​, និង ៦ ​ភាគរយ​ទៀត​ជា​រូបិយវត្ថុ​ជាតិ និង​រូបិយប័ណ្ណ​ផ្សេងៗ​។​

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុបាន​លើកឡើងថា ស្ថានភាព​បំណុល​សា​ធា​រណៈ​បច្ចុប្បន្ន​របស់​កម្ពុជា ​នៅតែ​ត្រូវបាន​វាយតម្លៃថា​ស្ថិតនៅក្នុង​ភាព​អាច​គ្រប់គ្រង​បាន ពោលគឺ​នៅតែមាន “​ចី​រ​ភាព​” និង “ហានិភ័យ​កម្រិត​ទាប​”ដដែល ទោះបី​សេដ្ឋកិច្ចកម្ពុជា​ទទួលរ​ង​នូវ​ផលប៉ះពាល់​ពី​ការរីក​រាលដាល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ និង​ពី​កត្តា​ខាង​​ក្រៅ​ផ្សេងទៀត​ក្តី​។

ការរក្សាបាន​ចីរភាព​បំណុល​សាធារណៈ​នេះ គឺ​អាស្រ័យ​ដោយ​កម្ពុ​ជាមាន​ប្រព័ន្ធគ្រប់គ្រង ​បំ​​ណុល​សាធារណៈ​មួយ​ដ៏​រឹងមាំ ដែលមាន​ជាអាទិ៍១. ក្របខ័ណ្ឌ​គតិយុត្ត​, ២. គោលនយោបាយ​, យុទ្ធសាស្ត្រ​, និង​នីតិវិធី​គ្រប់គ្រង​ប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​, ៣. សមត្ថភាព​ស្ថាប័ន និង​ធនធានមនុស្ស​គ្រប់គ្រាន់​, និង ៤. ប្រព័ន្ធ​ព័ត៌មានវិទ្យា​សម្រាប់​គ្រប់គ្រង​ប្រតិបត្តិការ និង​រក្សាទុក​ទិន្នន័យ​ដើម្បី​ជា​មូលដ្ឋាន​នៃ​ការវិភាគ និង​តាមដាន​ហានិភ័យ​បំណុល​។​ល​។​

​យោងតាម​ឯកសារ​ “ថវិកា​សង្ខេប​ឆ្នាំ​ ២០២៤” ក្នុង​ឆ្នាំ​ ២០២៤   រដ្ឋា​ភិ​​បាល ​គ្រោង​នឹង​បង្កើន​សន្និធិ​បំណុល​សាធារណៈ ប្រមាណ ១០៨​លាន​ដុ​ល្លារ​អាមេរិក​ ពី​ការបោះ​ផ្សាយ​មូល​ប​ត្រ​រដ្ឋ និង​ប្រមាណ ១៧,០០០​លាន​អេស​ដេ​អ៊ែ​ពី​ដៃគូ​អភិវឌ្ឍ​ (​រក្សា​ពិតាន​ដូច​ក្នុង​ឆ្នាំ​ ២០២៣)៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here