តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃច័ន្ទនេះ ដោយសារទិន្នន័យ ដែលបង្ហាញពីការកើនឡើងនៃអត្រាអ្នកគ្មានការងារធ្វើរបស់សហរដ្ឋអាមេរិក បានបង្កើនការរំពឹងទុកថា ធនាគារកណ្តាលអាមេរិកអាចនឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៩%ដល់២១៧៩,៤២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,០២ភាគរយ ដូចគ្នាដល់២១៨៥,៩០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:២៨នាទីព្រឹក។

លោក David Meger នាយកផ្នែកជួញដូរលោហធាតុនៅក្រុមហ៊ុន High Ridge Futures បានលើកឡើងថា “យើងនៅតែជឿជាក់ និងរំពឹងថា ធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ និងការធ្លាក់ថ្លៃចុះនៃប្រាក់ដុល្លារ ដោយសារការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ”។

លោក Bart Melek ប្រធានផ្នែកយុទ្ធសាស្រ្តលោហៈធាតុនៅក្រុមហ៊ុន TD Securities បានលើកឡើងថា “ហេតុផលដ៏ធំ ដែលស្ថិតនៅពីក្រោយការហក់ឡើងថ្លៃនៃតម្លៃហាងឆេងមាស គឺ ទីផ្សារជឿជាក់ថា ពេលវេលានៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារ Fed កាន់តែខិតជិតមកដល់”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីចុងសប្តាហ៍បានបង្ហាញថា នៅក្នុងខែកុម្ភៈ អត្រាអ្នកគ្មានការងារធ្វើនៅសហរដ្ឋអាមេរិក បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល២ឆ្នាំ គឺ៣,៩% បន្ទាប់ពីអត្រានេះបានស្ថិតនៅទ្រឹងក្នុងរង្វង់៣,៧% អស់រយៈពេល៣ខែជាប់ៗគ្នា គិតចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន ដល់ខែមករា ឆ្នាំ២០២៤នេះ។

លោក Tai Wong ពាណិជ្ជករលោហៈធាតុឯករាជ្យ ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានអះអាងថា របាយការណ៍ការងារនេះនឹងត្រូវបានគេមើលឃើញថា ជាកត្តាដែលជំរុញឱ្យធនាគារ Fed ពិចារណាកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងសម្រាប់ខែមិថុនាខាងមុខ ហើយជារួម តម្លៃមាសនឹងបន្តកើនឡើង។

យោងតាមទិន្នន័យផ្សេងទៀតបានបង្ហាញថា កំណើនអតិផរណាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកនៅក្នុងខែមករា ស្ថិតក្នុងកម្រិតទាបបំផុត មិនធ្លាប់មាន ក្នុងរយៈពេលជិត៣ឆ្នាំកន្លងមកនេះ ដែលការណ៍នេះនាំឱ្យអ្នកវិនិយោគបង្កើនក្តីសង្ឃឹមចំពោះការបញ្ចុះអត្រាការប្រាក់ក្នុងខែមិថុនាខាងមុខ។

តួយ៉ាង នៅក្នុងពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៧៣ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅថ្ងៃច័ន្ទនេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០២,៦៨ពិន្ទុ បន្ទាប់ពីធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត២ខែ គឺ១០២,៣៣ពិន្ទុកាលពីថ្ងៃសុក្រ សប្តាហ៍មុន។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,១៨ភាគរយដល់២៤,៣៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,០៥ភាគរយដល់៩១៣,១៨ដុល្លារ ក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៥៨%ដល់១០២៥,៦៧ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៣០នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here