ស្ថាប័នកំពូលរបស់UNលើកសរសើរពីវឌ្ឍនភាព ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមរបាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឱ្យដឹងថា កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍មនុស្ស។

យោងតាមរបាយការណ៍អភិវឌ្ឍន៍មនុស្សក្នុងតំបន់ឆ្នាំ២០២៤ សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក បានឱ្យដឹងថា គិតពីចន្លោះឆ្នាំ១៩៩០ ដល់ឆ្នាំ២០២១ ប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជាម្នាក់ៗ បានកើនឡើង៤ដង អាយុសង្ឃឹមរស់កើនឡើងជាង១៤ឆ្នាំ ហើយលទ្ធភាពទទួលបានការសិក្សាបានកើនឡើងពី២,៤ ទៅ ៥,១ឆ្នាំជាមធ្យម ។

របាយការណ៍ដដែលបានបន្តថា “ជាលទ្ធផលសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) របស់កម្ពុជា បានកើនឡើង ៥៦,៩ភាគរយ ដោយដាក់កម្ពុជា ក្នុងឋានៈជាប្រទេស ដែលមានការអភិវឌ្ឍន៍មនុស្សកម្រិតមធ្យម”។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Xinhua។

ថ្លែងក្នុងពិធីសម្ពោធរបាយការណ៍ខាងលើនៅរាជធានីភ្នំពេញ លោកឧបនាយករដ្ឋមន្ត្រីវង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ឱ្យដឹងថា ប្រទេសកម្ពុជាកំពុងដើរនៅលើផ្លូវដ៏ត្រឹមត្រូវ ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយភាពបត់បែន និងភាពរហ័សរហួនសម្រាប់ទាំងវិស័យសាធារណៈ និងវិស័យឯកជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍បន្តថា “ទោះជាយ៉ាងណាក្តី វាទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងដៃគូអភិវឌ្ឍន៍នានា និងបង្កើតយន្តការសម្របសម្រួលកណ្តាលប្រកបដោយប្រសិទ្ធភាព ដើម្បីធានាឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាព”។

ក្នុងឱកាសនោះដែរ លោកស្រី Alissar Chaker អ្នកតំណាងរបស់កម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានថ្លែងថា “ការអភិវឌ្ឍន៍មនុស្សមានសារៈសំខាន់ណាស់សម្រាប់វឌ្ឍនភាពសេដ្ឋកិច្ច-សង្គម ដូចដែលបណ្តាប្រទេសអភិវឌ្ឍន៍ ជាឧទាហរណ៍ភស្តុតាងស្រាប់”។

លោកស្រីបានបញ្ជាក់បន្ថែមថា “ស្របពេលដែលប្រទេសកម្ពុជាត្រៀមរៀបចំអនុវត្តយុទ្ធសាស្ត្របញ្ចកោណ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីវិធីសាស្រ្តអភិវឌ្ឍន៍ ដែលកំណត់មនុស្សជាអាទិភាព”៕

LEAVE A REPLY

Please enter your comment!
Please enter your name here