ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធធំៗរំពឹងឈានជើងចូលតំបន់រដ្ឋបាលពិសេសហុងកុង នៅឆ្នាំនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីភ្នាក់ងារទទួលបន្ទុកទាក់ទាញការវិនិយោគពីបរទេសរំពឹងថា ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើននឹងឈានជើងចូលមកកាន់ទីក្រុងហុងកុង ដើម្បីស្វែងរកគម្រោងអភិវឌ្ឍន៍ថ្មីៗនៅឆ្នាំ២០២៤នេះ។

ក្តីរំពឹងនេះត្រូវបានបង្ហាញឡើង បន្ទាប់ពីតំបន់រដ្ឋបាលពិសេសហុងកុងបានទាក់ទាញក្រុមហ៊ុនចំនួន៨ ដែលរួមមានទាំងក្រុមហ៊ុនរដ្ឋចិន និងក្រុមហ៊ុនពីក្រៅប្រទេស ឱ្យចូលមកបង្កើត ឬពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងទីក្រុងហុងកុង កាលពីឆ្នាំមុន ។

លោក Herman Tse Yu-man ប្រធានផ្នែកអាជីវកម្ម និងសេវាកម្មវិជ្ជាជីវៈនៅទីភ្នាក់ងារ InvestHK បានលើកឡើងថា “ទីក្រុងហុងកុងនឹងស្រូបទាញការវិនិយោគពីបរទេសបានកាន់តែច្រើនក្នុងឆ្នាំនេះ ដោយសារក្រុមហ៊ុនលោកខាងលិចកំពុងងាកមកចាប់អារម្មណ៍លើគម្រោងថ្មីៗនៅបរទេស ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចក្នុងស្រុក”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Herman Tse បាន បន្ត ថា “យោងតាមព័ត៌មានដែលយើងបានទទួលបង្ហាញថាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងបណ្តាប្រទេសជាច្រើនត្រូវបានលុបចោល”។

លោកអះអាងថា “ហុងកុងគឺជាទីក្រុងមួយក្នុងចំណោមទីក្រុងមួយចំនួន ដែលនៅសេសសល់នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ដែលនៅតែបន្តមានធនធានសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ”។

ទីភ្នាក់ងារ InvestHK បានបញ្ជាក់ថា កាលពីឆ្នាំមុន ខ្លួនបានទាក់ទាញក្រុមហ៊ុនក្រៅប្រទេសចំនួន២ដោយជោគជ័យឱ្យមកបង្កើតការិយាល័យនៅក្នុងទីក្រុងហុងកុង ខណៈដែលក្រុមហ៊ុនចំនួន៦បន្ថែមទៀតបានពង្រីកវត្តមានរបស់ពួកគេ។

តួយ៉ាង ក្រុមហ៊ុន Ailytics ដែលជាក្រុមហ៊ុនវិភាគវីដេអូរបស់ប្រទេសសិង្ហបុរី ដែលប្រើបញ្ញាសិប្បនិម្មិត ដើម្បីបង្កើនសុវត្ថិភាព និងផលិតភាពសម្រាប់ក្រុមហ៊ុនរកសុីក្នុងវិស័យឧស្សាហកម្មសំណង់ និងផលិតកម្ម ទើបតែបានឈានជើងចូលមកកាន់ទីក្រុងហុងកុងកាលពីពេលថ្មីៗនេះ។

មួយវិញទៀត ក្រុមហ៊ុនប្រឹក្សា និងរចនាវិស្វកម្ម Shanghai Municipal Engineering Design Institute ក៏បានធ្វើការសម្រេចចិត្តឈានជើងចូលទីផ្សារហុងកុងផងដែរ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនសេវាកម្មគ្រប់គ្រងកាកសំណល់ដែលមានដើមកំណើតមកពីប្រទេសបារាំង Suez Asia និងក្រុមហ៊ុន SMEC Asia របស់សិង្ហបុរីបានបោះទុនវិនិយោគរបស់ពួកគេបន្ថែមនៅក្នុងទីក្រុងហុងកុង។

ចំណែក ក្រុមហ៊ុនចំនួន៤ផ្សេងទៀតគឺជាក្រុមហ៊ុនចិនដីគោក រួមមាន ក្រុមហ៊ុន China Railway Group Investment ក្រុមហ៊ុន China Railway Electrification Group និងក្រុមហ៊ុន CRCC International Investment Group ក៏ដូចជាក្រុមហ៊ុន Shanghai Tunnel Engineering ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here