យន្តហោះ C919 និងARJ21 ផលិតនៅប្រទេសចិនបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ យន្តហោះ C919 និង ARJ21 ដែលផលិតនៅប្រទេសចិនដំបូងគេបង្អស់ បានចុះចតប្រកបដោយសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ ដែលជាការហោះហើរបង្ហាញសាកល្បង។

អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលលោកស៊ីន ចាន់សិរីវុត្ថា បានមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃទី៦ មិនាថា យន្តហោះ C919 ជាយន្តហោះពាណិជ្ជកម្មដឹកអ្នកដំណើរ ដែលផលិតដោយចិន ហើយបានចាប់ផ្តើមការហោះហើរសាកល្បង និងការហោះហើរបង្ហាញរយៈពេលពីរសប្តាហ៍ ក្នុងតំបន់អាស៊ីអាគ្នេយ៍ មុននឹងឈា​ន​ដល់ការចាប់ផ្តើមទីផ្សារក្រៅប្រទេស នៅពេលខាងមុខ។

លោកបន្តថា យន្តហោះពីគ្រឿងរបស់ចិន គឺ C919 និង ARJ21 បានហោះមកចុះចត ប្រកបដោយសុវត្ថិភាព នៅព្រលានយន្តអន្តរជាតិភ្នំពេញ។ ជាមួយគ្នានេះ យន្តហោះ ARJ21 បានធ្វើការហោះហើរបង្ហាញ ដោយមានការដឹកតំណាងក្រុមហ៊ុន អាកាសចរណ៍មួយចំនួន និងភ្ញៀវមួយចំនួនទៀត ទៅកាន់អាកាសយានដ្ឋានសៀមរាបអង្គរ ដើម្បីបង្ហាញពីការហោះហើរ របស់យន្តហោះប្រភេទ ARJ21។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ទាប់មក នៅរយៈពេល២ម៉ោងក្រោយ ក៏ហោះមកព្រលានយន្តហោះអន្តរជាតិភ្នំពេញវិញ។ លោកស៊ីន ចាន់សេរីវុត្ថាបានបន្តថា យន្តហោះទាំង២គ្រឿងនេះ នឹងចាកចេញពីកម្ពុជានៅថ្ងៃស្អែក ដើម្បីឆ្ពោះទៅកាន់ប្រទេសសមា​ជិកអាស៊ានផ្សេងទៀត។

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន COMAC ដែលស្ថិតក្រោមកម្មសិទ្ធិរបស់រដ្ឋាភិបាលចិន​ និងមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានចេញសេចក្តីថ្លែងការណ៍ថា យន្តហោះ C919 និង ARJ21 នឹងធ្វើការហោះហើរបង្ហាញសមត្ថភាព នៅឯប្រទេសវៀតណាម ឡាវ កម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។ ជាក់ស្តែងនៅពេលនេះ យន្តហោះដឹកអ្នកដំណើរ C919 និង ARJ21បានមកដល់ប្រទេសកម្ពុជាពិតប្រាកដមែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here