តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងខ្ពស់នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងតិចជាងការរំពឹងទុកកាលពីសប្តាហ៍មុន ហើយស្តុកប្រេងត្រូវបានបូមចេញអស់យ៉ាងច្រើន។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៥សេនដល់៨៣,១១ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0021 GMT ខណៈដែលតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង១៨សេនដល់៧៩,៣១ដុល្លារក្នុងមួយបារ៉ែល។

យោងតាមទិន្នន័យថ្មីៗនេះបានបង្ហាញថា ការផលិតរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះបន្ថែមទៀតនៅក្នុងខែកុម្ភៈ ហើយការស្ទង់មតិរបស់សាកលវិទ្យាល័យ Michigan ទៅលើទំនុកចិត្តអ្នកប្រើប្រាស់ក៏ថយចុះផងដែរ។

ទន្ទឹមនឹងនេះ នៅក្នុងសុន្ទរកថាថ្លែងទៅកាន់សមាជិកសភាអាមេរិក កាលពីថ្ងៃពុធ ប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell បានលើកឡើងថា ការកាត់បន្ថយអត្រាការប្រាក់អាចនឹងធ្វើឡើងនៅឆ្នាំនេះ ប្រសិនបើសេដ្ឋកិច្ចមានការវិវត្តន៍ដូចការរំពឹងទុក និងនៅពេលណាដែលក្រុមមន្ត្រីមានទំនុកចិត្តបន្ថែមទៀតលើការបន្ទាបកម្រិតអតិផរណា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យមួយផ្សេងទៀតបានបង្ហាញថា កំណើនអតិផរណាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកនៅក្នុងខែមករា ស្ថិតក្នុងកម្រិតទាបបំផុត មិនធ្លាប់មាន ក្នុងរយៈពេលជិត៣ឆ្នាំកន្លងមកនេះ ដែលការណ៍នេះនាំឱ្យអ្នកវិនិយោគបង្កើនក្តីសង្ឃឹមចំពោះការបញ្ចុះអត្រាការប្រាក់ក្នុងខែមិថុនាខាងមុខ។

តួយ៉ាង នៅក្នុងពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៧០ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅថ្ងៃព្រហស្បតិ៍នេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះ០,០៤ភាគរយមកនៅសល់ត្រឹម១០៣,៣០ពិន្ទុប៉ុណ្ណោះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានងើបឡើងថ្លៃផងដែរ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីលោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក បានអះអាងឡើងវិញនូវជំហររបស់លោក ថា ធនាគារ Fed អាចនឹងចាប់ផ្តើមបញ្ចុះអត្រាការប្រាក់នៅឆ្នាំនេះ។

តួយ៉ាង សន្ទស្សន៍ ផ្សារហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃប្រមាណ០,៦០ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ប៉ុន្តែ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៨ភាគរយ បន្ទាប់ពីបានងើបឡើងដល់កម្រិតខ្ពស់បំផុតនៅដើមវគ្គជួញដូរ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះប្រមាណ០,៣០ភាគរយ។

ចំណែកឯ សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,៤ភាគរយ។

ជាមួយគ្នានេះ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,០៣៤ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៤០ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here