តើអត្រាអតិផរណាប្រចាំឆ្នាំ នៅសហភាពអឺរ៉ុបស្ថិតក្នុងស្ថានភាពបែបណាក្នុងដើមឆ្នាំ២០២៤នេះ?

ដោយ: គង់ លាងហួរ

អន្តរជាតិ: អតិផរណាប្រចាំឆ្នាំនៅសហភាពអឺរ៉ុប និងតំបន់ចាយប្រាក់អឺរ៉ូ បានបន្តបង្ហាញពីសញ្ញានៃការថយចុះ ខណៈអត្រាអតិផរណារបស់បណ្តាប្រទេសសមាជិកEU ចំនួន១៥ បានថយចុះក្នុងខែមករា។

អតិផរណានៅក្នុងសហភាពអឺរ៉ុប បានធ្លាក់ចុះបន្តិចម្តងៗ និងជាប់លាប់ ចាប់តាំងពីបានហក់ឡើង ដល់កម្រិតខ្ពស់បំផុតរបស់ខ្លួន ក្នុងរង្វង់១១,៥% កាលពីខែតុលា ឆ្នាំ២០២២កន្លងទៅ។

តួយ៉ាង អតិផរណាប្រចាំឆ្នាំ នៅក្នុងសហភាពអឺរ៉ុបបានធ្លាក់ចុះពី៣,៤% នៅក្នុងខែធ្នូ ឆ្នាំ២០២៣ មកនៅត្រឹម៣,១%នៅខែមករា ឆ្នាំ២០២៤នេះ ។នេះបើយោងទៅតាម Eurostat ដែលជាការិយាល័យស្ថិតិរបស់សហភាពអឺរ៉ុប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួលេខនៅខែមករា បង្ហាញពីភាពខុសគ្នាផ្ទុយ​ស្រឡះ​ បើធៀបនឹងរយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ ដែល​នៅពេលនោះ អតិផរណាប្រចាំឆ្នាំរបស់សហភាពអឺរ៉ុប បានស្ថិតក្នុងរង្វង់១០,០ភាគរយ។

ទន្ទឹមនឹងនេះដែរ អត្រាអតិផរណាប្រចាំឆ្នាំរបស់តំបន់ចាយប្រាក់អឺរ៉ូ ស្ថិតក្នុងរង្វង់២,៨% ក្នុងខែមករា ឆ្នាំ២០២៤នេះ ដោយធ្លាក់ចុះពី២,៩% ក្នុងខែធ្នូ ឆ្នាំ២០២៣ និងធ្លាក់ចុះគួរឱ្យកត់សម្គាល់ បើធៀបនឹងអត្រាអតិផរណាចំនួន៨,៦% ក្នុងខែមករា ឆ្នាំ២០២៣។

ការធ្លាក់ចុះនៃអត្រាអតិផរណា បានបង្ហាញឱ្យឃើញថា តម្លៃទំនិញប្រើប្រាស់ កំពុងកើនឡើងយឺតជាងកាលពីមុន ទោះបីជាវានៅតែកើនឡើងយ៉ាងណាក្តី។

យោងតាមទិន្នន័យបឋមរបស់ការិយាល័យស្ថិតិ Eurostat ចេញផ្សាយនៅថ្ងៃទី១ ខែមីនា បង្ហាញថា អតិផរណាប្រចាំឆ្នាំនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ បានធ្លាក់ចុះមកនៅត្រឹម២,៦% ក្នុងខែកុម្ភៈ ធ្លាក់ចុះពី២,៨% នៅក្នុងខែមករា។  ទោះជាយ៉ាងណាក្តី អត្រានេះនៅតែមិនទាន់អាចថយចុះដល់គោលដៅ២% របស់ធនាគារកណ្តាលអឺរ៉ុបនៅឡើយ។

បើធៀបទៅនឹងខែធ្នូ ឆ្នាំ២០២៣ អតិផរណាប្រចាំឆ្នាំ បានធ្លាក់ចុះ នៅក្នុងបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន១៥ នៅតែមានស្ថិរភាព ក្នុងប្រទេសសមាជិកEU ចំនួន១ និងបានកើនឡើងក្នុងប្រទេសសមាជិកចំនួន១១ផ្សេងទៀត។

បណ្តាប្រទេសសមាជិក EU ដែលមានអត្រាអតិផរណាប្រចាំឆ្នាំទាបជាងគេបំផុតក្នុងខែមករា គឺប្រទេសដាណឺម៉ាក និងអ៊ីតាលី ដែលអតិផរណានៅប្រទេសទាំង២នេះ បានថយចុះដល់០,៩ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here