តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រាក់ដុល្លារធ្លាក់ថ្លៃចុះ ខណៈក្រុមពាណិជ្ជករបង្ហាញសុទិដ្ឋិនិយមថា ធនាគារកណ្តាលអាមេរិក(Fed) ច្បាស់ជានឹងបញ្ចុះអត្រាការប្រាក់នៅក្នុងឆ្នាំ២០២៤នេះ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៨%ដល់២១៤៥,៤៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៨ភាគរយ ដូចគ្នាដល់២១៥៨,២ដុល្លារ ក្នុងមួយអោន។

លោក Bart Melek ប្រធានផ្នែកយុទ្ធសាស្រ្តលោហៈធាតុនៅក្រុមហ៊ុន TD Securities បានលើកឡើងថា “ហេតុផលដ៏ធំ ដែលស្ថិតនៅពីក្រោយការហក់ឡើងថ្លៃនៃតម្លៃហាងឆេងមាស គឺ ទីផ្សារជឿជាក់ថា ពេលវេលានៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារ Fed កាន់តែខិតជិតមកដល់”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យថ្មីៗនេះបានបង្ហាញថា ការផលិតរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះបន្ថែមទៀតនៅក្នុងខែកុម្ភៈ ហើយការស្ទង់មតិរបស់សាកលវិទ្យាល័យ Michigan ទៅលើទំនុកចិត្តអ្នកប្រើប្រាស់ក៏ថយចុះផងដែរ។

ទន្ទឹមនឹងនេះ នៅក្នុងសុន្ទរកថាថ្លែងទៅកាន់សមាជិកសភាអាមេរិក កាលពីថ្ងៃពុធ ប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell បានលើកឡើងថា ការកាត់បន្ថយអត្រាការប្រាក់អាចនឹងធ្វើឡើងនៅឆ្នាំនេះ ប្រសិនបើសេដ្ឋកិច្ចមានការវិវត្តន៍ដូចការរំពឹងទុក និងនៅពេលណាដែលក្រុមមន្ត្រីមានទំនុកចិត្តបន្ថែមទៀតលើការបន្ទាបកម្រិតអតិផរណា។

យោងតាមទិន្នន័យមួយផ្សេងទៀតបានបង្ហាញថា កំណើនអតិផរណាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកនៅក្នុងខែមករា ស្ថិតក្នុងកម្រិតទាបបំផុត មិនធ្លាប់មាន ក្នុងរយៈពេលជិត៣ឆ្នាំកន្លងមកនេះ ដែលការណ៍នេះនាំឱ្យអ្នកវិនិយោគបង្កើនក្តីសង្ឃឹមចំពោះការបញ្ចុះអត្រាការប្រាក់ក្នុងខែមិថុនាខាងមុខ។

តួយ៉ាង នៅក្នុងពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៧០ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅថ្ងៃព្រហស្បតិ៍នេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះ០,០៤ភាគរយមកនៅសល់ត្រឹម១០៣,៣០ពិន្ទុប៉ុណ្ណោះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានកើនឡើង១,៩ភាគរយដល់២៤,១៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានកើនឡើង៣ភាគរយដល់៩០៦,៧០ដុល្លារ ក្នុងមួយអោន ហើយតម្លៃ palladium បានកើនឡើងជិត១០%ដល់១០៣៥,៨៣ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here