មេដឹកនាំស្ថាប័នAPFចាត់ទុកកម្ពុជា ជាប្រទេសសំខាន់មួយ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោក ប្រ៊ុយណូ ហ្វូស (Bruno Fuchs) អគ្គប្រតិភូនៃសភានិយាយភាសាបារាំង (Assemblee Parliamentaire de la Francophonie-APF) និងសហការី ដែលអញ្ជើញមកពីប្រទេសផ្សេងៗគ្នានៃរដ្ឋសភានិយាយភាសាបារាំង និងចាត់ទុកកម្ពុជាដែលជាសមាជិកប្រទេសនិយាយភាសាបារាំង ជាប្រទេសសំខាន់មួយ។

នៅក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋបារាំង នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើង អំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីក្រោមក្របខណ្ឌនៃសភានិយាយភាសាបារាំង (APF) ក្នុងការជំរុញការទូតសភា ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងការជំរុញសមភា​ពយេនឌ័រ ការផ្តល់ភាពអង់អាចដល់ស្រ្តី ការលើកកម្ពស់វិស័យវប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ប្រ៊ុយណូ ហ្វូស បានគាំទ្រប្រសាសន៍លើកឡើងរបស់សម្តេចរដ្ឋសភាធិបតី និងបានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយសំខាន់បំផុតក្នុងអាស៊ីអាគ្នេយ៍ នៅក្នុងការលើកកម្ពស់សភានិយាយភាសាបារំាង ក៏ដូចជាលើកកម្ពស់វិស័យការទូតសភា ក្នុងការបម្រើផលប្រយោ​ជន៍រួមរបស់ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា ឆ្លងតាមទស្សនៈនិងក្តីសង្ឃឹមរួមគ្នា យើងនឹងធ្វើការជាមួយគ្នា ដើម្បីការអភិវឌ្ឍដោយចីរភាព។ APF គាំទ្រយ៉ាងពេញទំហឹង នូវបេក្ខភាពរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APF ព្រមទាំងបន្តការជួយគាំទ្រ និងបណ្តុះបណ្តាលភាសាបារាំងដល់មន្រ្តីសភាផងដែរ។

រដ្ឋសភាកម្ពុជាគាំទ្រយ៉ាងពេញទំហឹង នូវក្របខណ្ឌការងារយុទ្ធសាស្រ្តរបស់ APF ឆ្នាំ២០២៣-២០៣០ ក្នុងនោះរួមមាន ការជំរុញការងារការទូតសភា ដើម្បីជំរុញអត្តសញ្ញាណAPF ការគោរពអធិប​តេយ្យភាពគ្នាទៅវិញទៅមក ការពង្រឹងនូវឯករាជ្យភាព និងកិច្ចសហប្រតិបត្តិការ ការពង្រឹងនូវសមត្ថភាព ក៏ដូចជា ការផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំវ័យក្មេង និងការជំរុញការធ្វើសុខដុមនីយកម្មច្បាប់។

លោកបានបញ្ជាក់ថា ទោះបីប្រទេសកម្ពុជាឬប្រទេសបារំាង និងបណ្តាប្រទេសផ្សេងទៀត ដែលនិយាយភាសាបារាំង នៅឆ្ងាយពីគ្នាក្តី ប៉ុន្តែAPF មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងគ្នាជានិច្ច។ APF តែងតែរក្សាទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសនិយាយភាសាបារាំង មិនថាប្រទេសតូចឬប្រទេសធំ ដែលនេះជាកម្លាំងចលករ ដ៏រឹងមាំមួយអាចឱ្យប្រទេសនៅក្នុងAPF ធ្វើការដោះស្រាយបញ្ហាប្រឈមរួមគ្នាបាន។ ជាក់ស្តែង ដូចជាពេលនេះ បារាំងជាម្ចាស់ផ្ទះនៅក្នុងកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីសកលលោក ដែលនិយាយអំពីការផ្តល់ភាពអង់អាចដល់ស្រ្តីនៅក្នុងវិស័យនយោបាយ ជាដើម។

សម្តេចប្រធានរដ្ឋសភា បានស្នើឱ្យ APF ជួយគាំទ្របន្ថែមទៀត នូវវិស័យសុខាភិបាលនៅកម្ពុជា ក្នុងការធ្វើឱ្យសម្រេចនូវផែនការគ្របដណ្តប់សុខភាពជាសកលរបស់កម្ពុជា ជួយគាំទ្រដល់ការកសាងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស ការធ្វើកំណែទម្រង់សាធារណៈ អភិបាលកិច្ចល្អនិងតម្លាភាព ព្រមទាំងការកសាងនិងពង្រឹងសភាឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការវិវឌ្ឍរបស់សង្គមក្នុងបរិបទឧស្សាហកម្ម ៤.០។

សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភាបានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាស្ពានតភ្ជាប់វប្បធម៌ និងប្រជាជននៃប្រទេសនិយាយភាសាបារាំង។ កម្ពុជាបានត្រៀមជាស្រេចនៅក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅថែមទៀត ដោយផ្តោតទៅលើវប្បធម៌ ប្រជាជនសេដ្ឋកិច្ច និងការទូត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here