សម្តេចធិបតី ហ៊ុន ម៉ាណែតអញ្ជើញជាអធិបតីបើកវេទិកា ធុរកិច្ចកម្ពុជា-អូស្ត្រាលី

        ដោយៈ គង់ សូរិយា

        ម៉ែលប៊នៈ ការស្វែងរកការវិនិយោគ និងបើកទីផ្សារសម្រាប់ផលិ​តផលកម្ពុជា គឺជាកិច្ចដ៏​សំខាន់​ក្នុងបេសកកម្មដឹកនាំ ប្រទេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

រាល់ដំណើរបំពេញបេស​ក​កម្មការងារ នៅក្រៅប្រទេសសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា មែនដែលរំលងឡើយវេទិកាធុរកិច្ច ដែលជា​វេទិកាផ្សព្វផ្សាយពីសក្តានុពលវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា។

ក្នុងដំណើរបំពេញការងារនៅអូស្ត្រាលី សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបអ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចជា​ច្រើន​រូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅព្រឹកថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានអញ្ជើញជា​អធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី ដែលមានគោលដៅ លើកកម្ពស់ការធ្វើធុរកិច្ចរវាងកម្ពុជា និង​អូស្ត្រាលី។ ជាពិសេសទាក់ទាញអ្នកវិនិយោគអូស្ត្រាលី ចូលមកវិនិយោគនៅកម្ពុជា។

វេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហ​កម្ម​វិទ័ររៀ ដោយមានការចូលរួមពីវិនិយោគិនចំនួន៣៥០នាក់ និងក្រុមហ៊ុនចំនួន៣៥០ក្រុមហ៊ុន។

ក្នុងពេលវេលាដ៏មមាញឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group ជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្រុមហ៊ុន SPC Group គឺជាក្រុមហ៊ុនដ៏ចំណាស់ជាងគេ និងល្បីល្បាញបំផុត​របស់​ប្រទេស​អូស្ត្រាលី នៅក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ។ ផលិតផល ដែលផលិតដោយក្រុមហ៊ុន ត្រូវបាន​ទទួលស្គាល់​ថាមានគុណភាពខ្ពស់ សម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោក។

លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Enrique Razon ប្រធានក្រុមហ៊ុន International Container Terminal Service, Inc. (ICTSI) ជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ICTSI គឺជាក្រុមហ៊ុនពហុជាតិ និងអន្តរជាតិដ៏ធំបំផុតមានមូលដ្ឋាននៅប្រទេសហ្វីលីពីន ដែលបានបង្កើតឡើងនៅឆ្នាំ១៩៨៧ ដោយប្រកបអាជីវកម្ម លើវិស័យគ្រប់គ្រងកំពង់ផែ ដោយមានប្រតិ​បត្តិការអាជីវកម្មនៅអាស៊ីប៉ាស៊ីហ្វិក អាមេរិក អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក ហើយក្រុមហ៊ុននេះ ត្រូវបានជាប់ចំណាត់ថ្នាក់ជាស្ថានីយកុងតឺន័រធំជាងគេទី៨។

ក្រុមហ៊ុន ក៏មានប្រតិបត្តិការអាជីវកម្មអភិវឌ្ឍន៍ គ្រប់គ្រង និងប្រតិបត្តិការកំពង់ផែ និងសេវាគ្រប់គ្រងថែទាំ និងដឹកជញ្ជូនទំនិញ។ ក្រុមហ៊ុន ICTSI ក៏បាននឹងកំពុងពង្រីក ឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀតលើវិស័យកំពុងផែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here