ក្រុមហ៊ុនអាម៉េរិកចំនួន១៧បង្ហាញបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅកម្ពុជា

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ បណ្តាថ្នាក់ដឹកនាំក្រុមហ៊ុនអាមេរិកធំៗ ប្រមាណ១៧ ដែលមានប្រតិបត្តិការអាជីវកម្ម លើវិស័យជាច្រើនបានបង្ហាញចំណា​ប់អារម្មណ៍ និងពង្រីកឱកាសវិនិយោគនៅកម្ពុជា។

ក្រុមហ៊ុនទាំងនោះ បានផ្តោតសំខាន់លើបច្ចេកវិទ្យាទំនើបបណ្តាញផ្សព្វផ្សាយសង្គម, ទេសចរណ៍, ហិរញ្ញវត្ថុ, ថាមពល, ផ្សារលក់រាយ, កម្មន្តសាល និងធានារ៉ាប់រង បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ព្រមទាំងបានស្នើសុំស្វែងយល់បន្ថែមទៀត អំពីគោលនយោ បាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការវិនិយោគ។

ការស្វែងរកកាលានុវត្តភាព និងពង្រីកការវិនិយោគនៅកម្ពុជារបស់តំណាងក្រុមប្រឹក្សា ធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC) ក្នុងជំនួបពិភាក្សាការងារជាមួយលោកបណ្ឌិត ផាន់ ផលា្ល រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាអំពីកាលានុវត្តភាព ក្នុងការវិនិយោគ និងបរិយាកាសធុរកិច្ចនៅកម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Brian D. McFeeters ជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន តំណាងឱ្យក្រុមហ៊ុនធំៗប្រមាណ១៧ បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ព្រមទាំងបានស្នើសុំស្វែងយល់បន្ថែមទៀត អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធ នឹងការវិនិយោគនៅកម្ពុជា ដើម្បីចាប់យកសក្តានុពលរបស់កម្ពុជា។

តំណាង ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ទាំងផ្នែកធុរកិច្ច ពាណិជ្ជកម្ម និង ការវិនិយោគ រវាងសហរដ្ឋអាម៉េរិក-កម្ពុជា និងបានកោតសរសើរ ចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់។

ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន បានស្នើសុំឱ្យមានការពន្យល់អំពីទិដ្ឋភាពធុរកិច្ច និងសក្តានុពលវិនិយោគ ក៏ដូចជា ស្នើសុំឱ្យមានការដោះស្រាយ បញ្ហាប្រឈមមួយចំនួន ដែលក្រុមហ៊ុនសហរដ្ឋអាម៉េរិកនៅកម្ពុជា បាននិងកំពុងជួបប្រទះ។

តំណាង ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន បានសម្តែ​ងនូវការថ្លែងអំណរគុណ និងការស្វាគមន៍ចំពោះការបើកកិច្ចពិភាក្សា ដោយបើកចំហ ជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាជាក់ស្តែង ក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជន។ តំណាង ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ក៏បានសម្តែងនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកម្ពុជា ដោយបន្តចូលរួមកិច្ចពិភាក្សាជាបន្តបន្ទាប់ ដើម្បីផ្តល់អនុសាសន៍ដល់រាជរដ្ឋាភិបាល។

លោករដ្ឋលេខាធិការ ផាន់ ផលា្ល ក៏បានសម្តែងនូវការស្វាគមន៍ ចំពោះការបន្តកិច្ចសន្ទនារវាងធុរជន និងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ និងស្នើសុំឱ្យតំណាងស្ថាប័ន ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកិច្ចពិភាក្សា ដើម្បីស្វែងយល់លម្អិត និងជួយជំរុញការដោះស្រាយបញ្ហាប្រឈម ដែលក្រុមហ៊ុនសហរដ្ឋអាម៉េរិក ក៏ដូចជា ក្រុមហ៊ុនផ្សេងៗទៀត នៅកម្ពុជា ឱ្យបានកាន់តែប្រសើរឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here