តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះព្រមគ្នា នៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ ខណៈអ្នកវិនិយោគមានការព្រួយបារម្ភថា តម្រូវការប្រើប្រាស់ប្រេងរបស់ប្រទេសចិនអាចនឹងថយចុះ ដោយសារចិនគឺជាប្រទេសនាំចូលប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោក។

តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយនៅខែឧសភាបានធ្លាក់ចុះ៣សេនដល់៨២,៧៧ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0159 GMT ខណៈតម្លៃប្រេងអាមេរិកWest Texas Intermediateបានធ្លាក់ចុះ១១សេន មកនៅត្រឹម៧៨,៦៣ដុល្លារក្នុងមួយបារ៉ែល។

យោងតាមទិន្នន័យបានបង្ហាញថា ការផលិតរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះបន្ថែមទៀតនៅក្នុងខែកុម្ភៈ ហើយការស្ទង់មតិរបស់សាកលវិទ្យាល័យ Michigan ទៅលើទំនុកចិត្តអ្នកប្រើប្រាស់ក៏ថយចុះផងដែរ។

ទន្ទឹមនឹងនេះ គ្រប់ខ្សែចក្ខុទាំងអស់នឹងផ្តោតទៅលើការអត្ថាធិប្បាយរបស់លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក (Fed) ខណៈពេលដែលលោកនឹងត្រូវផ្តល់សក្ខីកម្មនៅចំពោះមុខសមាជិកសភាអាមេរិកនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យមួយផ្សេងទៀតបានបង្ហាញថា កំណើនអតិផរណាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកនៅក្នុងខែមករា  ស្ថិតក្នុងកម្រិតទាបបំផុត មិនធ្លាប់មានក្នុងរយៈពេលជិត៣ឆ្នាំកន្លងមកនេះ ដែលការណ៍នេះនាំឱ្យអ្នកវិនិយោគមានក្តីសង្ឃឹមចំពោះការបញ្ចុះអត្រាការប្រាក់ក្នុងខែមិថុនាខាងមុខ។

តួយ៉ាង នៅក្នុងពេលនេះ ទីផ្សារមើលឃើញឱកាសប្រមាណ៦៦ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅថ្ងៃអង្គារសប្តាហ៍នេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានស្ថិតនៅទ្រឹងត្រឹម១០៣,៨៤ពិន្ទុ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានធ្លាក់ថ្លៃចុះផងដែរ នៅថ្ងៃអង្គារនេះ ខណៈដែលអ្នកវិនិយោគបានបង្ហាញពីការខកចិត្តរបស់ពួកគេចំពោះផែនការរបស់ទីក្រុងប៉េកាំងក្នុងការជំរុញគាំទ្រសេដ្ឋកិច្ចរបស់ខ្លួន។

តួយ៉ាង សន្ទស្សន៍ ផ្សារហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានធ្លាក់ថ្លៃចុះប្រមាណ០,៤០ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៥៩ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះប្រមាណ១,៣ភាគរយ។

ចំណែកឯ សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,០៥២ភាគរយ។

ជាមួយគ្នានេះ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,១៨ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៥៩ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here