រដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់លើឌីជីថលូបីយកម្ម ដើម្បី សម្រូលដល់វិនិយោគិន

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការរបស់រដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ លើការធ្វើឌីជីថលូបនីយកម្ម តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជី គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP Online) ដើម្បីជំរុញទាក់ទាញវិនិយោគិន។

លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពនៃគម្រោងធ្វើទំនើបកម្ម ប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (Qualified Investment Project Online)កាលពីដើមខែមិនានេះ។

កិច្ចប្រជុំនេះមានការចូលរួមពី លោកជា វុទ្ឋី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា និងមន្រ្តីពាក់ព័ន្ឋ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនាឱកាសនេះ ត្រូវបានដឹកនាំដោយផ្ទាល់ដោយ លោកឧបនាយករដ្ឋមន្ត្រី  ដើម្បីពិនិត្យមើលវឌ្ឍនភាពថ្មីៗ និងផ្តល់នូវអនុសាសន៍ណែនាំនានា ដល់ក្រុមការងារបច្ចេកទេសឌីជីថល លើការងា​រធ្វើទំនើបកម្មប្រព័ន្ធQIP Online ធ្វើយ៉ាងណាដើម្បីឱ្យប្រព័ន្ធនេះធានាបាននូវបរិយាបន្ន និងអាចអនុវត្តបានលទ្ធផលល្អប្រសើរ ប្រកប​ដោយប្រសិទ្ធភាពខ្ពស់ ពេលដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

ប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP Online) គឺជាប្រព័ន្ធដែលអនុញ្ញាតឱ្យវិនិយោគិន អាចដាក់ពាក្យស្នើសុំគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់(QIP) របស់ខ្លួន ទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានកាន់តែងាយស្រួល ឆាប់រហ័ស និងតម្លាភាព តាមរយៈប្រព័ន្ធអនឡាញ។

គម្រោងធ្វើទំនើបកម្មប្រព័ន្ធ QIP Online នេះ ជាគម្រោងសំខា​ន់មួយ ជាចក្ខុវិស័យវែងឆ្ងាយ និងជាការយកចិត្តទុកដាក់ខ្ពស់របស់លោកឧបនាយករដ្ឋមន្ត្រី ដើម្បីជំរុញចក្ខុវិស័យឌីជីថលូបនីយកម្មក្នុងស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអនុវត្តស្របតាមអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here