តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីសមាជិកអង្គការបណ្តាប្រទេសនាំចេញប្រេង OPEC+ បានយល់ព្រមបន្តកាត់បន្ថយទិន្នផលប្រេងដោយស្ម័គ្រចិត្តចំនួន២,២លានបារ៉ែលក្នុងមួយថ្ងៃរហូតដល់ត្រីមាសទីពីរ ឆ្នាំ២០២៤នេះ។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង២៨សេន ឬ០,៣ភាគរយដល់៨៣,៨៣ដុល្លារ ក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0134 GMT ខណៈពេលដែលតម្លៃប្រេងឆៅអាមេរិក US West Texas Intermediate (WTI) បានកើនឡើង២០សេន ឬ០,៣ភាគរយដល់៨០,១៧ដុល្លារក្នុងមួយបារ៉ែល។

យោងតាមទិន្នន័យបានបង្ហាញថា ការផលិតរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះបន្ថែមទៀតនៅក្នុងខែកុម្ភៈ ហើយការស្ទង់មតិរបស់សាកលវិទ្យាល័យ Michigan ទៅលើទំនុកចិត្តអ្នកប្រើប្រាស់ក៏ថយចុះផងដែរ។

ទន្ទឹមនឹងនេះ គ្រប់ខ្សែចក្ខុទាំងអស់នឹងផ្តោតទៅលើការអត្ថាធិប្បាយរបស់លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក (Fed) ខណៈពេលដែលលោកនឹងត្រូវផ្តល់សក្ខីកម្មនៅចំពោះមុខសមាជិកសភាអាមេរិកនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យមួយផ្សេងទៀតបានបង្ហាញថា កំណើនអតិផរណាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកនៅក្នុងខែមករា  ស្ថិតក្នុងកម្រិតទាបបំផុត មិនធ្លាប់មានក្នុងរយៈពេលជិត៣ឆ្នាំកន្លងមកនេះ ដែលការណ៍នេះនាំឱ្យអ្នកវិនិយោគមានក្តីសង្ឃឹមចំពោះការបញ្ចុះអត្រាការប្រាក់ក្នុងខែមិថុនាខាងមុខ។

តួយ៉ាង នៅក្នុងពេលនេះ ទីផ្សារមើលឃើញឱកាសប្រមាណ៦៥ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះ០,០៧ភាគរយមកនៅត្រឹម១០៣,៧៩ពិន្ទុ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃច័ន្ទនេះ ខណៈដែលអ្នកវិនិយោគកំពុងរង់ចាំស្តាប់ការអត្ថាធិប្បាយបន្ថែមទៀតរបស់មន្ត្រីធនាគារកណ្តាលអាមេរិក អំពីគោលជំហររបស់ពួកគេលើគោលនយោបាយអត្រាការប្រាក់់។

តួយ៉ាង សន្ទស្សន៍ ផ្សារហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃប្រមាណ០,២០ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៨ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះប្រមាណ០,០០៨ភាគរយ។

ចំណែកឯ សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,១២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,១៦ភាគរយ។

ជាមួយគ្នានេះ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,០៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,១៥ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here