តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ ខណៈពាណិជ្ជករកំពុងរង់ចាំទិន្នន័យសេដ្ឋកិច្ចសំខាន់ៗបន្ថែមទៀត ដែលអាចផ្តល់តម្រុយថ្មីៗអំពីពេលវេលានៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១៣%មកនៅត្រឹម២០៨០,៦១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៣២ភាគរយ មកនៅត្រឹម២.០៨៩ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:១២នាទីព្រឹក។

យោងតាមទិន្នន័យបានបង្ហាញថា ការផលិតរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះបន្ថែមទៀតនៅក្នុងខែកុម្ភៈ ហើយការស្ទង់មតិរបស់សាកលវិទ្យាល័យ Michigan ទៅលើទំនុកចិត្តអ្នកប្រើប្រាស់ក៏ថយចុះផងដែរ។

ទន្ទឹមនឹងនេះ គ្រប់ខ្សែចក្ខុទាំងអស់នឹងផ្តោតទៅលើការអត្ថាធិប្បាយរបស់លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក (Fed) ខណៈពេលដែលលោកនឹងត្រូវផ្តល់សក្ខីកម្មនៅចំពោះមុខសមាជិកសភាអាមេរិកនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យមួយផ្សេងទៀតបានបង្ហាញថា កំណើនអតិផរណាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកនៅក្នុងខែមករា  ស្ថិតក្នុងកម្រិតទាបបំផុត មិនធ្លាប់មានក្នុងរយៈពេលជិត៣ឆ្នាំកន្លងមកនេះ ដែលការណ៍នេះនាំឱ្យអ្នកវិនិយោគមានក្តីសង្ឃឹមចំពោះការបញ្ចុះអត្រាការប្រាក់ក្នុងខែមិថុនាខាងមុខ។

តួយ៉ាង នៅក្នុងពេលនេះ ទីផ្សារមើលឃើញឱកាសប្រមាណ៦៥ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះ០,០៧ភាគរយមកនៅត្រឹម១០៣,៧៩ពិន្ទុ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៤៣ភាគរយដល់២៣,០៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,២៦ភាគរយដល់៨៨៤,៦០ដុល្លារ ក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,១៨%ដល់៩៥៧,២៥ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here