តម្លៃអាផាតម៉ិននៅទីក្រុងហូជីមិញនឹងកើនឡើងដល់៤០ម៉ឺនដុល្លារ ក្នុងរយៈពេល២ឆ្នាំខាងមុខ

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមក្រុមហ៊ុនអចលនទ្រព្យ Savills Vietnam បានឱ្យដឹងថា អាផាតម៉ិននៅទីក្រុងហូជីមិញ នឹងមានតម្លៃក្នុងចន្លោះពី២០ម៉ឺន ទៅ៤០ម៉ឺនដុល្លារអាមេរិកក្នុងមួយយូនីត ក្នុងរយៈពេលពីរឆ្នាំខាងមុខ។

ជាមួយគ្នានេះ ក្រុមហ៊ុនអចលនទ្រព្យខាងលើ គូសបញ្ជាក់ថា អាផាតម៉ិន ដែលមានតម្លៃចាប់ពី៨ម៉ឺន ទៅ២០ម៉ឺនដុល្លារអាមេរិក ក្នុងមួយយូនីត នឹងស្ទើរតែគ្មានលក់នៅលើទីផ្សារទៀតឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Giang Huynh នាយករង និងជាប្រធានផ្នែកស្រាវ​ជ្រាវនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យខាងលើ  បានលើកឡើងថា តម្លៃអាផាតម៉ឹន កំពុងកើនឡើងជាលំដាប់ ដោយចំនួន៩០% នៃប្រតិបត្តិការទាំងអស់ ត្រូវបានធ្វើឡើងក្នុងតម្លៃពី៨ម៉ឺន ទៅ២០ម៉ឺនដុល្លារក្នុងឆ្នាំ២០២៣។ទន្ទឹមនឹងនេះ អាផាតម៉ិនដែលត្រូវបានដាក់លក់ មិនមានតម្លៃ​ក្រោម២០ម៉ឺនដុល្លារនោះទេ។  នៅក្នុងកំណត់ត្រាថ្មីៗនេះ ក្រុមហ៊ុនអចលនទ្រព្យ Savills បានអះអាងថា ការផ្គត់ផ្គង់កាលពីឆ្នាំមុនបានថយចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល១០ឆ្នាំ ដែលមានត្រឹមតែ១០.៧០០យូនីតប៉ុណ្ណោះ។

តម្លៃអាផាតម៉ឺនលំដាប់ខ្ពស់ នៅក្នុងទីផ្សារបឋម(primary market) បានវិលត្រលប់ទៅកាន់កម្រិតមធ្យមឆ្នាំ២០២០ ជាមួយនឹងតម្លៃ៦៩លានដុងក្នុងមួយម៉ែត្រការ៉េ ធ្លាក់ចុះ៤៥%បើធៀបនឹងឆ្នាំ២០២២។

យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សា អចលនទ្រព្យមួយផ្សេងទៀតគឺ CBRE បានបង្ហាញថា ចំនួន៨៤% នៃអាផាតម៉ឺនទាំងអស់ ដែលត្រូវបានដាក់លក់ នៅក្នុងទីក្រុងហូជីមិញកាលពីឆ្នាំមុន មានតម្លៃពី៥០ ទៅ៩៨លានដុងក្នុងមួយម៉ែត្រការ៉េ។

លើសពីនេះ គេសង្កេតឃើញថា បច្ចុប្បន្ន ការសាងសង់អាផាតម៉ិនភាគច្រើន សុទ្ធតែជាអាផាតម៉ឺនប្រណីតៗ ដែលមានតម្លៃខ្ពស់កប់ពពក ខណៈការផ្គត់ផ្គង់អាផាតម៉ិន ដែលមានតម្លៃក្រោម៥០លានដុងបានធ្លាក់ចុះ។ ការផ្គង់ផ្គង់អាផាតម៉ិន ដែលមានតម្លៃសមរម្យ ស្ទើរតែលែងមានទាំងស្រុងក្នុងទីផ្សារ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here