តើអ្នកណាខ្លះជាមហាសេដ្ឋីលំដាប់កំពូលទាំង៥ របស់ប្រទេស ឥណ្ឌូនេស៊ីនាពេលបច្ចុប្បន្ន?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ឥណ្ឌូនេស៊ីជាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់អាស៊ាន ដូច្នេះ វាពុំមែនជារឿងប្លែកឡើយ ដែលប្រទេសកាន់សាសនាឥស្លាមមួយនេះ មានចំនួនមហាសេដ្ឋីទឹកប្រាក់ពាន់លានដុល្លារជាច្រើនរូប។

ខាងក្រោមនេះគឺជាចំណាត់ថ្នាក់ មហាសេដ្ឋីកំពូលទាំង៥រូប របស់ប្រទេសឥណ្ឌូនេស៊ី ដែលមានទ្រព្យសម្បត្តិសរុបបញ្ចូលគ្នាចំនួន១៤០ពាន់លានដុល្លារ។

ទី១៖ លោក Robert Budi និងលោក Michael Hartono

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទ្រព្យសម្បត្តិរបស់លោក Robert Budi Hartono អាយុ៨២ឆ្នាំ និងលោក Michael Bambang Hartono អាយុ៨៤ឆ្នាំ មានប្រភពដើមមកពីក្រុមហ៊ុនDjarum Group ដែលជាក្រុមហ៊ុនផលិតបារីរបស់ឪពុកអ្នកទាំង២។

ដោយប្រើប្រាស់មូលដ្ឋានគ្រឹះខាងលើ បងប្អូនទាំង២នាក់នេះ បានទិញយកក្រុមហ៊ុនវិនិយោគ Bank Central Asia ដែលក្លាយជាប្រភពចម្បង នៃទ្រព្យសម្បត្តិរបស់ពួកគេនាពេលបច្ចុប្បន្ន។ នេះបើយោងតាមរបាយការណ៍របស់កាសែត South China Morning Post។ បងប្អូនទាំង២នាក់មានទ្រព្យសម្បត្តិ សរុបបញ្ចូលគ្នាចំនួន៤៨ពាន់លានដុល្លារ។

ទី២៖ លោក Prajogo Pangestu

លោក Prajogo Pangestu អាយុ៧៩ឆ្នាំ គឺជាស្ថាបនិកក្រុមហ៊ុន Barito Pacific Group ដែលរកស៊ីក្នុងវិស័យផ្សេងៗជាច្រើន រួមមាន គីមីឥន្ធនៈ ថាមពលកកើតឡើងវិញ និងការជីកយករ៉ែធ្យូងថ្ម។

ទស្សនាវដ្ដី Forbes ប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិរបស់លោកមានចំនួន៤១,៣ពាន់លានដុល្លារ។

ទី៣៖លោកLow Tuck Kwong

លោក Low Tuck Kwong មានអាយុ៧៥ឆ្នាំ និងត្រូវបានគេស្គាល់ថាជា “ស្តេចធ្យូងថ្ម” ព្រោះទ្រព្យសម្បត្តិរបស់លោក រកបានមកពីសហគ្រាសរុករកធ្យូងថ្ម ដែលមានឈ្មោះ Banyan Resource។

លើសពីនេះ លោកបានធ្វើការបណ្តាក់ទុន នៅក្នុងក្រុមហ៊ុនថាមពលជាច្រើននៅតំបន់អាស៊ី និងជុំវិញពិភពលោក។ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ចំនួន២៧,៤ពាន់លានដុល្លារ លោក Low ឈរឈ្មោះជាបុគ្គលដ៏លេចធ្លោមួយរូប នៅក្នុងឧស្សាហកម្មថាមពល។

ទី៤៖ គ្រួសារត្រកូល Widjaja

ទ្រព្យសម្បត្តិរបស់គ្រួសារត្រកូល Widjaja ត្រូវបានកសាងឡើងដោយលោក Eka Tjipta Widjaja ដែលជាស្ថាបនិកក្រុមហ៊ុន Sinar Mas ដែលជាក្រុមហ៊ុនធំជាងគេមួយរបស់ប្រទេសឥណ្ឌូនេស៊ី។

បន្ទាប់ពីស្ថាបនិករូបនេះ បានទទួលមរណភាពនៅឆ្នាំ២០១៩ ក្នុងអាយុ៩៧ឆ្នាំ គ្រួសាររបស់លោកបានកាន់កាប់ អាណាចក្រក្រុមហ៊ុន Sinar Mas ដែលគ្របដណ្តប់លើឧស្សាហកម្មជាច្រើន ដូចជាក្រដាស អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ ការថែទាំសុខភាព កសិពាណិជ្ជកម្ម និងទូរគមនាគមន៍។

ទ្រព្យសម្បត្តិសរុបរបស់គ្រួសារនេះ ត្រូវបានប៉ាន់ប្រមាណថា មានចំនួន១០,៨ពាន់លានដុល្លារ។

ទី៥៖ លោក Anthoni Salim និងក្រុមគ្រួសារ

លោក Anthoni Salim អាយុ៧៤ឆ្នាំ មានតួនាទីជានាយកប្រតិបត្តិ នៃក្រុមហ៊ុនផលិតអាហារដ៏ល្បីឈ្មោះ Indofood ដែលបានផលិតមីកញ្ចប់ Indomie។ លើសពីនេះ លោកកាន់តំណែងជា CEO នៅក្នុងក្រុមហ៊ុន Salim Group ដែលជាក្រុមហ៊ុនធំបំផុតមួយរបស់ប្រទេសឥណ្ឌូនេស៊ី។

ក្រុមហ៊ុន Salim Group បានបោះទុនវិនិយោគទៅក្នុងវិស័យចម្រុះជាច្រើនដូចជា អាហារ ការលក់រាយ ធនាគារ ទូរគមនាគមន៍ និងថាមពល។ លោកAnthoni Salim និងក្រុមគ្រួសារមានទ្រព្យសម្បត្តិសរុបចំនួន១០,៣ពាន់លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here