រដ្ឋាភិបាលហ្វីលីពីនកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន៧,៧លាននាក់ក្នុងឆ្នាំនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រសួងទេសចរណ៍នៃប្រទេសហ្វីលីពីន (DOT) កំពុងកំណត់គោលដៅជាមូលដ្ឋាន ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន៧,៧លាននាក់នៅក្នុងឆ្នាំ២០២៤នេះ។
លោកស្រី Christina Garcia Frasco រដ្ឋមន្ត្រីក្រសួងទេសចរ ណ៍ហ្វីលីពីនលើកឡើងថា “តាមរយៈផែនការអភិវឌ្ឍន៍ទេសចរណ៍ជាតិឆ្នាំ២០២៣-២០២៨ យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើយ៉ាងណាឱ្យវិស័យនេះរីកចម្រើន ព្រមទាំងជំរុញវិបុលភាពសេដ្ឋកិច្ច និងបង្កើតការងារបន្ថែមទៀត សម្រាប់ប្រជាជនរបស់យើង”។

លោកស្រីបន្តថា “ចាប់តាំងពីរដ្ឋាភិបាល របស់យើងឡើងកាន់អំណាចមក យើងបានកំណត់គោលដៅ សម្រាប់ឧស្សាហកម្មនេះ មិនត្រឹមតែ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិប៉ុណ្ណោះទេ”។ លោកបន្តថា “អ្វីដែលសំខាន់បំផុតនោះ គឺចំនួនប្រជាជនហ្វីលីពីន រួមទាំងក្រុមគ្រួសាររបស់ពួកគេ ដែលនឹងទទួលបានអត្ថប្រយោជន៍ពីឱកាស ដែលកើតចេញពីការខិតខំប្រឹងប្រែង ឥតឈប់ឈររបស់យើង ដើម្បីធ្វើឱ្យឧស្សាហកម្មនេះរីកចម្រើន”។
តួយ៉ាង លោកស្រីបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ប្រទេសហ្វីលីពីនបានស្វាគមន៍ ភ្ញៀវទេសចរអន្តរជាតិជាង៥លាននាក់ ដោយបង្កើតប្រាក់ចំណូលបាន៤៨០ពាន់ លានប៉េសូ(ប្រហែល៨,៦ពាន់លានដុល្លារ)។

យោងតាមទិន្នន័យបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិចំនួន៥.៤៥០.៥៥៧នាក់ បានចូលមកទស្សនាប្រទេសហ្វីលីពីន កាលពីឆ្នាំមុន ដែលក្នុងនោះចំនួន៩១,៨% ជាជនបរទេសសុទ្ធសាធ និងនៅសេសសល់ផ្សេងទៀត គឺជាជនជាតិហ្វីលីពីនដែលរស់នៅក្រៅប្រទេស។
តួលេខនេះបង្ហាញថា ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកលេងប្រទេសហ្វីលីពីន បានកើនឡើងលើសពីគោលដៅ ដែលត្រូវបានដាក់ចេញត្រឹមតែ៤,៨លាននាក់កាលពីឆ្នាំមុន។
ជនជាតិកូរ៉េខាងត្បូង បានរក្សាតំណែងកំពូលជាប្រភពភ្ញៀវទេសចរអន្តរជាតិសំខាន់ទី១ របស់ប្រទេសហ្វីលីពីន តាមពីក្រោយដោយសហរដ្ឋអាមេរិក ប្រទេសជប៉ុន ប្រទេសអូស្ត្រាលី ប្រទេសចិន ប្រទេសកាណាដា តៃវ៉ាន់ ចក្រភពអង់គ្លេស សិង្ហបុរី និងម៉ាឡេស៊ីជាដើម៕ល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here