តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃសុក្រនេះ ខណៈកិច្ចពិភាក្សាជុំវិញបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា ជួបភាពស្មុគស្មាញបន្ថែមទៀត ដោយសារការស្លាប់របស់ជនជាតិប៉ាឡេស្ទីនជាង១០០នាក់ដែលកំពុងរង់ចាំការផ្តល់ជំនួយ។

តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយនៅខែមេសា បានកើនឡើង២៩សេន ឬ០,៤ភាគរយ ដល់៨២,២០ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0118 GMT ខណៈពេលដែលតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង២២សេន ឬ០,៣ភាគរយ ដល់៧៨,៤៨ដុល្លារក្នុងមួយបារ៉ែល។

យោងតាមទិន្នន័យបានបង្ហាញថា សន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួនរបស់សហរដ្ឋអាមេរិក(PCE) ដោយមិនរាប់បញ្ចូលថ្លៃអាហារ និងថាមពល បានកើនឡើងលើមូលដ្ឋានប្រចាំខែចំនួន០,៤% នៅក្នុងខែមករា ស្របតាមការរំពឹងទុករបស់សេដ្ឋវិទូ។

ទោះជាយ៉ាងនេះក្តី ការកើនឡើងនៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) និងតម្លៃអ្នកផលិត(PPI) របស់សហរដ្ឋអាមេរិក កាលពីខែមករាកន្លងទៅ បានធ្វើឱ្យការរំពឹងទុកចំពោះឱកាសនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក មានការធ្លាក់ចុះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ទាប់ពីចេញផ្សាយទិន្នន័យខាងលើ ក្រុមអ្នកវិភាគបានវាយតម្លៃឡើងវិញថា អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក (Fed) ប្រហែលអាចពន្យារពេលរហូតដល់ខែមិថុនាខាងមុខ មុនពេលសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។

ជាក់ស្តែង នៅពេលនេះ ទីផ្សារមើលឃើញឱកាសប្រមាណ៦៥ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅថ្ងៃសុក្រនេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៤,១១ពិន្ទុ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានងើបឡើងថ្លៃផងដែរ នៅថ្ងៃសុក្រនេះ ខណៈដែលអ្នកវិនិយោគកំពុងរង់ចាំស្តាប់ការអត្ថាធិប្បាយបន្ថែមទៀតរបស់ក្រុមមន្ត្រីធនាគារកណ្តាលអាមេរិក អំពីគោលជំហររបស់ពួកគេលើគោលនយោបាយអត្រាការប្រាក់់។

តួយ៉ាង សន្ទស្សន៍ ផ្សារហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃប្រមាណ០,០៩ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,៨៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ០,៣១ភាគរយ។

ចំណែកឯ សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,២៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,១២ភាគរយ។

ជាមួយគ្នានេះ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៤៤ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានបិទការជួញដូរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here