កម្ពុជា-ម៉ាឡេស៊ីឯកភាពសម្រួលការតភ្ជាប់ខ្សែបញ្ជូនអគ្គិសនីតាមបាតសមុទ្រ និងពង្រីកការហោះហើរ​ត្រង់​

ដោយៈ ហ្វីអូណា

ម៉ាឡេស៊ីៈ ជាដំណឹងដ៏រីករាយមួយ ដែលមេដឹកនាំម៉ាឡេស៊ី និងកម្ពុជាបានបង្ហាញជំហរ ​និងសហការលើការងារតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋ និងពង្រីកជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរនាពេលខាងមុខ។

ព័ត៌មាននេះ ត្រូវបានបញ្ជាក់ក្នុង​ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេស​ម៉ា​ឡេស៊ី ក្រៅតែពីប្រកាសលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរហើយ​នោះ ក៏បានជជែកដល់កិច្ចការការពារជាតិ និងសន្តិសុខផងដែរ។ ជាពិសេសបានឯកភាពជំរុញសក្តា​នុពេលសេដ្ឋកិច្ច ទេសចរណ៍ និងការតភ្ជាប់ថាមពលតាមបាត់សមុទ្រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បណ្តាញសង្គម របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបពិភាក្សាការងារទ្វេរភាគី នៃដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅម៉ាឡេស៊ីនថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត។

តាមរយៈសម្តេចធិបតី លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានផ្តាំផ្ញើសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

សម្តេចធិបតី បានសម្តែងក្តីរីករាយ ចំពោះជំនួបពិភាក្សាការងារទ្វេភាគីនេះ និងបានថ្លែងអំណរគុណ​នាយក​រដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានទទួលបដិសណ្ឋារកិច្ច ស្វាគមន៍​យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ច​របស់​សម្តេច​ធិបតី និងគណ:​ប្រតិភូ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈការធ្វើទស្សនកិច្ចផ្លូវការ របស់លោកនាយករដ្ឋមន្ត្រី​កាល​ពីខែមីនា ឆ្នាំ២០២៣ និងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាឱកាសនេះ នឹងរួមចំណែក​ក្នុង​ការ​ធ្វើឱ្យទំនាក់ទំនងដ៏យូរលង់រវាងកម្ពុជា-ម៉ាឡេស៊ី ឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ក្នុងជំនួបនេះ សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបាន​ផ្លាស់​ប្ដូរយោបល់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដែលរួមមាន៖ វិស័យនយោ​បាយ ការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការងារ ឧស្សាហកម្ម​អាហារ​ហា​ឡាល់ ទូរគមនា​គមន៍ និងបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល និងសន្តិសុខថាមពល។

ក្នុងជំនួបនោះ មេដឹកនាំកម្ពុជា និងម៉ាឡេស៊ី ក៏បានពិភាក្សាក្នុងការពិនិត្យលទ្ធភាព ពង្រីក​នូវជើង​ហោះ​ហើរ​ផ្ទាល់ ពីម៉ាឡេស៊ីទៅកាន់តំបន់ទេសចរណ៍សំខាន់ៗកម្ពុជា ដូចជា ខេត្តសៀមរាបផងដែរ។ ក្នុងក្របខ័ណ្ឌ វិស័យការពារជាតិ និងសន្ដិសុខ កម្ពុជា និងម៉ាឡេស៊ី បានឯកភាពលើការបន្តជំរុញ ​កិច្ចសហប្រតិបត្តិ​ការ​រួម​មាន៖ ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងការធ្វើ​លំ​ហាត់​រួមគ្នា។

ដោយឡែកលើវិស័យសន្តិសុខថាមពល ភាគីទាំងពីរ ក៏បានឯកភាពក្នុងការគាំទ្រ ការសម្របសម្រួល​សម្រាប់​គម្រោង ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ (ឡាវ-កម្ពុជា-សិង្ហបុរី) ដោយឆ្លងកាត់បាតសមុទ្រ​របស់​ប្រទេសម៉ាឡេស៊ី។

ជាងនេះទៅទៀត ភាគីទាំងពីរបានឯកភាព ក្នុងការពិនិត្យលទ្ធភាពរៀបចំកិច្ចប្រជុំ នៃ​គណៈកម្មការចម្រុះ កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) នាពេលខាងមុខ ដែលដឹកនាំរួមគ្នា​ដោយ​រដ្ឋ​មន្ត្រីការបរទេសនៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងសុទិដ្ឋិ​និយមថា ទំនាក់ទំនងរវាង​កម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែរឹងមាំ និងអាចឈានដល់កម្រិតទំនាក់ទំនងខ្ពស់បន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here