ប្រាក់យ័នក្លាយជារូបិយប័ណ្ណបរទេសដ៏ចម្បងរបស់ប្រទេសរុស្ស៊ី សម្រាប់ដោះដូរពាណិជ្ជកម្មក្រៅប្រទេស

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមប្រសាសន៍របស់ទេសាភិបាលធនាគារកណ្តាលរុស្ស៊ី លោក Elvira Nabiullina បានឱ្យដឹងថា ប្រាក់យ័នរបស់ចិន បានក្លាយទៅជារូបិយប័ណ្ណបរទេសដ៏ចម្បង សម្រាប់សកម្មភាពសេដ្ឋកិច្ចក្រៅប្រទេសរបស់រុស្ស៊ី។

ជាមួយគ្នានេះ ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិច បានជះផលប៉ះពាល់ មកលើសេដ្ឋកិច្ចរបស់រុស្ស៊ី និងជំរុញឱ្យទីក្រុងម៉ូស្គូកាន់តែខិតទៅជិតទីក្រុងប៉េកាំង។

ប្រទេសរុស្ស៊ីត្រូវបានបណ្តេញចេញពីប្រព័ន្ធផ្ទេរ និងទូទាត់ប្រាក់ (Swift) នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីរុស្ស៊ីបានបើកការលុកលុយទៅលើប្រទេសអ៊ុយក្រែន ដែលការណ៍នេះបាននាំឱ្យរុស្ស៊ីកាន់​តែពឹងផ្អែកខ្លាំងលើប្រាក់យ័ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងពេលដំណាលគ្នា ទីក្រុងប៉េកាំងបាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនការប្រើប្រាស់ប្រាក់យ័ន ឱ្យបានជាសកល ដើម្បីធ្វើជាជម្រើសជំនួសប្រាក់ដុល្លារអាមេរិក សម្រាប់ការទូទាត់ជាអន្តរជាតិ និងជារូបិយប័ណ្ណបម្រុង។

លោក Elvira Nabiullina បានអះអាងថា គិតមកទល់ឆ្នាំ២០២២ ប្រាក់ដុល្លារ និងប្រាក់អឺរ៉ូនៅតែមានចំណែកដ៏ធំ នៅក្នុងទុនបំរុងរបស់ប្រទេសរុស្ស៊ី ដោយសារតែកិច្ចសន្យាពាណិជ្ជកម្មបរទេសភាគច្រើនគិតជាប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ។

ទោះជាយ៉ាងណាក្តី លោកបញ្ជាក់ថា នៅពេលនេះ សកម្មភាពសេដ្ឋកិច្ចបរទេស កំពុងផ្លាស់ប្តូរយ៉ាងសកម្ម ឆ្ពោះទៅរកការប្រើប្រាស់រូបិយប័ណ្ណផ្សេងទៀត ជាពិសេសគឺប្រាក់យ័នរបស់ចិន។

យោងតាមលោក Nabiullina បានឱ្យដឹងថា ចំណែករបស់ប្រាក់យ័ន នៅក្នុងការនាំចេញរបស់រុស្ស៊ី បានកើនឡើងពី០,៤ភាគរយ កាលពី២ឆ្នាំមុនដល់៣៤,៥ភាគរយ ខណៈចំណែករបស់ប្រាក់យ័ន ក្នុងការនាំចូលកើនឡើងពី៤,៣% ទៅដល់៣៦,៤ភាគរយ។

លោក Andrei Belousov ដែលជាឧបនាយករដ្ឋមន្ត្រីទីមួយរបស់ប្រទេសរុស្ស៊ី ក៏បានមានប្រសាសន៍ឱ្យដឹងផងដែរថា ការទូទាត់ជាប្រាក់Roubles និងប្រាក់យ័ន នៅក្នុងពាណិជ្ជកម្មទ្វេរភាគីរវាងរុស្ស៊ីនិងចិន បានហក់ឡើងដល់៩៥ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here