ដំណឹងល្អ: ការកក់ជើងហោះហើរនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងស្ទុះងើបឡើងវិញ១០០ភាគរយនៅឆ្នាំនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានព្យាករថា តម្រូវការធ្វើដំណើរតាមផ្លូវអាកាស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងស្ទុះងើបឡើងវិញ ដល់កម្រិតមុនផ្ទុះជំងឺរាតត្បាតនៅឆ្នាំ២០២៤នេះ។

យោងតាមសារពត៌មាន VN Express បានចុះផ្សាយថា តម្រូវការធ្វើដំណើរនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានកើនឡើងដល់ជិត៨៣% នៃកម្រិតមុនផ្ទុះជំងឺរាតត្បាត ក្នុងឆ្នាំ២០១៩ កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។

ចំណែកសារពត៌មាន Business Traveller បានចុះផ្សាយថា តួលេខនៅក្នុងឆ្នាំ២០២៤នេះ ទំនងជានឹងកើនឡើងដល់កម្រិតមុនផ្ទុះជំងឺរាតត្បាតកូវីដ-១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដំណើរការស្ទុះងើបឡើងវិញនេះ នឹងត្រូវបានជួយជំរុញ តាមរយៈការកើនឡើងនៃតម្រូវការធ្វើដំណើរ បន្ទាប់ពីប្រទេសនានាបានលុបចោលវិធានការរឹតបន្តឹង និងការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ស្ថានីយទូរទស្សន៍ CNBC បានរាយការណ៍ថា កំណើនពលរដ្ឋចិន ដែលសម្រុកធ្វើដំណើរទៅក្រៅប្រទេស ក៏ជាកត្តាសំខាន់ ដែលជំរុញឱ្យតម្រូវការជើងហោះហើរ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកើនឡើងផងដែរ។

យោងតាមការស្រាវជ្រាវ ពីក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុ Citi បង្ហាញថា តួលេខភ្ញៀវទេសចរចិន ដែលចេញដំណើរទៅបរទេស មានចំនួន៣,៦លាននាក់ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ខណៈពលរដ្ឋចិនភាគច្រើន បានធ្វើដំណើរមកកាន់ ប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម និងឥណ្ឌូនេស៊ី។

បើក្រឡេកទៅមើលប្រទេសថៃ ការកក់ជើងហោះហើរពីសំណា​ក់ភ្ញៀវទេសចរចិន បានកើនឡើង៤ដង ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិននៅឆ្នាំ២០២៤នេះ បើប្រៀបធៀបទៅនឹងបុណ្យចូលឆ្នាំចិន កាលពីឆ្នាំ២០២៣។

ជាមួយគ្នានេះ ការកក់ជើងហោះហើរពីប្រទេសចិន ទៅកាន់ប្រទេសសិង្ហបុរីបានកើនឡើងជិត៦ដង។ លើសពីនេះ ចំនួនជើងហោះហើរពីប្រទេសចិន ទៅកាន់ម៉ាឡេស៊ី សិង្ហបុរី និងថៃ ត្រូវបានគេរំពឹងថា នឹងហក់ឡើង៨៧ភាគរយ នៅត្រីមាសទី២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here