ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ និយ័តករគណនេយ្យ និងសវនកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំភាពជាដៃគូនៃក្រុមការងារ “ទី១៤/ឍ” “ផ្នែកសេវាហិរញ្ញវត្ថុមិនមែនធនាគារ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពតំណាងសហប្រធានទាំងពីរ លោកប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម។
លោកឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារ “ទី១៤/ឍ” តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ទី១៤/ឍ”តំណាងវិស័យឯកជន ព្រមទាំងវត្តមាន អនុប្រធាន និងសមាជិកសមាជិកនៃក្រុមការងារនេះផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យ ពិភាក្សាពិគ្រោះ នូវបញ្ហាប្រឈមរបស់ផ្នែកឯកជន ដែលបានបញ្ជូនបញ្ហា ដែលជាកង្វល់របស់ផ្នែកឯកជនពាក់ព័ន្ធ នឹងវិស័យគណនេយ្យនិងសវនកម្ម និងលើកឡើងនូវបញ្ហាប្រឈមថ្មី ដែលផ្នែកឯកជនកំពុងជួបប្រទះផងដែរ ដើម្បីស្នើសុំរកដំណោះស្រាយពី អគ្គនាយកដ្ឋានគណនេយ្យនិងសវនកម្ម នាពេលខាងមុខផងដែរ។
ក្រុមមន្រ្តីបានពិនិត្យនិងពិភាក្សា រួមមាន ១. គណនេយ្យ និងសវនកម្ម (គណនេយ្យនិងសវនកម្មកម្ពុជាជាភាសាខ្មែរ) ២ ការរៀបចំរបាយការណ៍សវនកម្មជាភាសាខ្មែរ ៣ ការកំណត់ភាគហ៊ុនចំនួន ៥១% ចំពោះម្ចាស់ភាគហ៊ុនដែលជាអ្នកកាន់ អាជ្ញាបណ្ណ័សេវាគណនេយ្យ និងសេវាគណនេយ្យសវនកម្ម, ៤. បញ្ហាទាក់ទងនឹងទំនាស់ផលប្រយោជន៍ (ស្នើសុំពិចារណាក្នុងការដកចំណុចនេះ ចេញពីលក្ខខណ្ឌ ក្នុងការស្នើសុំអាជ្ញាបណ្ណ័សេវាគណនេយ្យ និងសេវាគណនេយ្យសវនកម្ម) និងបញ្ហាផ្សេងៗមួយចំនួនទៀត៕