ដោយៈ, គង់ សូរិយា
ភ្នំពេញៈ ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោកសាយ សំអាល់ បានស្នើសហភាពអឺរ៉ុប ពិនិត្យលទ្ធភាព ធ្វើកិច្ចសហប្រតិបត្តិការ លើការងារចុះបញ្ជីដីធ្លីទូទាំងប្រទេស និងការរៀបចំស្តង់ដារសំណង់នៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ។
សំណើនេះធ្វើឡើងក្នុងជំនួបពិភាក្សា ការងារជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូត នៃស្ថានប្រតិភូសហភាពអឺរ៉ុប នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្រសួងរៀបចំដែនដី។
ក្នុងជំនួបនោះ លោកសាយ សំអាល់ មានប្រសាសន៍ថា ការងារអាទិភាពរបស់ក្រសួងគឺ ការចុះបញ្ជីដីធ្លី ដើម្បីរួមចំណែកកាត់បន្ថយវិវាទដីធ្លី និងឈានទៅបង្កើតបរិយាកាសគ្មានវិវាទ នៅទូទាំងប្រទេស ដែលជាលទ្ធផល ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥លានបណ្ណជូនប្រជាពលរដ្ឋរួចហើយ ហើយនៅមានប្រមាណ២លានបណ្ណ កំពុងតែចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ខណៈរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយសម្ភារៈសម្រាប់ការចុះបញ្ជីដីធ្លី ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងស្វែងរកថវិកាប្រមាណ១០០លានដុល្លារ ដើម្បីចុះបញ្ជី៥លានក្បាលដីទៀត ទូទាំងប្រទេសឱ្យបានចប់សព្វគ្រប់ក្នុងរយៈពេល២ឆ្នាំខាងមុខ ។
ទាក់ទងវិស័យសំណង់ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គោលដៅសំខាន់ នៃការរៀបចំស្តង់ដាសំណង់នៅកម្ពុជា គឺដើម្បីជួយដល់កំណើនសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវធនធានធម្មជាតិ ដែលមានស្រាប់នៅកម្ពុជា ក៏ដូចជាជំរុញការប្រើប្រាស់ផលិតផលសំណង់ក្នុងស្រុក។
លោកបញ្ជាក់ថា “ក្រសួងបាននិងកំពុងសិក្សាធាតុចូល ពីបណ្តាប្រទេសដូចជា អឺរ៉ុប ជប៉ុន និងអាមេរិក ដើម្បីបង្កើតស្តង់ដាសំណង់មួយដែលឆ្លើយតប ទៅនឹងសក្តានុពលរបស់កម្ពុជា”។
លោកសាយ សំអាល់ បានបន្ថែមថា ជាមួយគ្នានេះ ក្រសួងបាននិងកំពុងតាក់តែងច្បាប់ចំនួន៣ គឺច្បាប់ស្តីពីសំណង់ ច្បាប់ភូមិបាល និងច្បាប់ស្តីពីការរៀបចំដែនដី និងនគរូបនីយកម្ម និងកំពុងស្នើសុំជំនួយប្រព័ន្ធរូបភាពជាក់លាក់ពីផ្កាយរណប (Satellite Image) តាមរយៈស្ថានីយ៍ JAXA នៃរដ្ឋាភិបាលជប៉ុន ដើម្បីរៀបចំដែនដីស្របតាមទិសនៃការអភិវឌ្ឍសេដ្ឋកិច្ច -សង្គមឱ្យមានប្រសិទ្ធភាព និងចីរភាព រៀបចំអភិវឌ្ឍទីក្រុង និងរៀបចំលំនៅឋានសមរម្យគួរឱ្យរស់នៅ ។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត កោតសរសើរដល់ក្រសួងដែលសម្រេចបានជោគជ័យ លើការកាត់បន្ថយវិវាទដីធ្លីទូទាំងប្រទេសបានល្អប្រសើរ ហើយគាំទ្រលើការសិក្សារៀបចំ ស្តង់ដាសំណង់នៅកម្ពុជា និងបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីផ្តល់ជំនួយបច្ចេកទេស និងជំនួយផ្សេងៗឱ្យសមស្រប នឹងតម្រូវការក្នុងការសិក្សាស្តង់ដារសំណង់នៅកម្ពុជា ពិសេសពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារអវកាសអ៊ឺរ៉ុប (ESA) ដែលមានប្រព័ន្ធរូបភាពជាក់លាក់ពីផ្កាយរណប៕