វិស័យឧស្សាហកម្ម និងសេវាកម្មបង្កើតការងារច្រើនជាងគេនៅកម្ពុជា

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ការព្យាករណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា នៅឆ្នាំ២០២៤នេះ ចំនួនអ្នកមានការងារអាយុចាប់ពី១៥-៦៤ឆ្នាំ លើវិស័យកសិកម្មមានការធ្លាក់ចុះ ពី៣៥,៥%នៅឆ្នាំ២០១៨ មកត្រឹម២៧,៥% នៅឆ្នាំ២០២៥។

ដោយឡែកវិស័យឧស្សាហកម្ម បានកើនឡើងពី២៦,៥% នៅឆ្នាំ២០១៨ ដល់៣១,៤% នៅឆ្នាំ២០២៥។ រីឯកវិស័យសេវាកម្មក៏មានការកើនឡើងចន្លោះពី៣៨% ដល់៤១,១%។ នេះបើតាមការចុះផ្សាយព្រឹត្តិបត្រព័ត៌មានទីផ្សារការងារ សម្រាប់ឆមាសទី១ ឆ្នាំ២០២៤ របស់ក្រសួងការងារ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ការព្យាករណ៍បានបង្ហាញថា ចន្លោះឆ្នាំ២០២៤ -២០២៦ខាងមុខ កម្ពុជាអាចបឹងបង្កើតការងារបន្ថែម ជូនប្រជាពលរដ្ឋប្រមាណ២៣,៥ម៉ឺននាក់ក្នុងមួយឆ្នាំ។ កំនើនការងារជាមធ្យមប្រមាណ២,៥​%ក្នុងមួយឆ្នាំ នឹងធ្វើឱ្យចំនួនអ្នកមានការងារសរុប កើនឡើងដល់ប្រមា​ណ១០,២លាននាក់នៅឆ្នាំ២០២៦។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិស័យឧស្សាហកម្មដែលជាក្បាលម៉ាស៊ីន បង្កើតការងារត្រូវបានព្យាករថា នឹងបង្កើតការងារប្រមាណ១៦,៥ម៉ឺននាក់ក្នុងមួយឆ្នាំ ឬស្មើនឹងអត្រាកំណើនការងារ៥,៧%។ រីឯវិស័យសេវាកម្មវិញ ត្រូវបានរំពឹងថា នឹងបង្កើតការងារប្រមាណ១៦,៧ម៉ឺននាក់ក្នុងមួយឆ្នាំ ស្មើនឹងអត្រាកំណើនការងារ៤,៤%។

និន្នាការកំណើនការងារ នៅក្នុងវិស័យទាំង២នេះ គឺដោយសារការកើនឡើងនៃតម្រូវការ ក្នុងការពង្រីកផលិតកម្មនិងអាជីវកម្ម ព្រមទាំងការផ្លាស់ប្តូរការងារពីវិស័​យកសិកម្ម ដែលត្រូវបានព្យាករថា ចំនួនការងារ នឹងថយចុះប្រមាណ៩,៨ម៉ឺននាក់ក្នុងមួយឆ្នាំ ស្មើនឹងអត្រាថយចុះការងារ៣,៥%ក្នុងមួយឆ្នាំ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here