កំណើនឥណទានក្នុងវិស័យហិរញ្ញវត្ថុកំពុងបង្ហាញពីសុខភាព ក្នុងវិស័យនេះនៅតែមានភាពរ៉ឹងមាំ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា ​បាន​កត់ត្រា​កំណើន​ឥណទាន ​ក្នុង​អត្រា​​៤,៨​ភាគរយ​កាលពី​ឆ្នាំមុន ដែលជា​កំណើន​ទាប​មិន​ធ្លាប់មាន​ក្នុង​រយៈពេល២​ទសវត្សរ៍​ចុងក្រោយ​នេះ​។​​

វិស័យ​មួយ​នេះ​នៅតែ​រឹងមាំ ​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច​យោងតាម​របាយការណ៍​ចុងក្រោយ​បំផុត ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​ គិត​ត្រឹម​ខែធ្នូ ឆ្នាំ ​២០២៣ ប្រព័ន្ធ​ធនាគារ​របស់​កម្ពុ​ជាមាន​ធនា​គារ​ពាណិជ្ជ​ចំនួន​៥៨ ធនាគារ​ឯក​​ទេស​៩ និង​គ្រឹះស្ថាន​មីក្រូហិរ​ញ្ញ​វត្ថុ៨៧​។ កំណើន​ឥណទាន​ក្នុង​ប្រព័ន្ធ​ធនាគារ ​បាន​កើន​ដល់ ៥៧,៦​ពាន់​លាន​ដុល្លារ ​កាលពី​ឆ្នាំ ២០២៣ កើន ៤,៨​ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២២​។​

របាយការណ៍ដដែល​ឱ្យដឹងទៀតថា ការ​បែងចែក​ប្រាក់កម្ចី​តាម​វិស័យ​រួមមាន​សណ្ឋាគារ និង​ភោជនីយដ្ឋាន បាន​កើនឡើង០,៦ ​ភាគរយ​ប៉ុណ្ណោះ​, ការ​លក់ដុំ កើនឡើង៤,៨​ ភាគរយ​, ការ​ទិញ​លំនៅឋាន កើនឡើង៦,៤ ​ភាគ​រយ​, អចលនទ្រព្យកើនឡើង១៦,៩ភាគរយ​ និង​សំណង់ កើន១៣,៩​ភាគរយ​។ ប្រាក់កម្ចី​មិន​ដំណើរការ ​(NPL) នៅក្នុង​វិស័យ​ធនាគារ​ទាំង​មូល ​មាន​ចំនួន៥,៤​ភាគរយ និង​វិស័យ​មីក្រូហិរញ្ញវត្ថុ​មាន​ចំនួន៦,៧​ ភាគរយ​កាលពី​ឆ្នាំមុន​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍​ឱ្យដឹងទៀតថា ប្រាក់​បញ្ញើ​នៅក្នុង​ប្រព័ន្ធ​ធនាគារ​បាន​កើន​​ឡើង១៣,១​ភាគរយ ​ដល់៤៧,៩ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២៣​។

របាយការណ៍​បន្ថែមថា ទ្រព្យសកម្ម​បច្ចុប្បន្ន ​ក្នុង​ប្រព័ន្ធ​ធនាគារ​កម្ពុជា​បាន​កើនឡើង​ដល់ ៨៤,៣ ពាន់​លាន​ដុ​ល្លារ​កាលពី​ឆ្នាំមុន កើនឡើង ៨,៦​ ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២២​។​

ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆ្នាំ​ កាលពី​ចុងខែ​មករា​ថា ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ NPL មានការ​កើនឡើង​តិចតួច ដោយ​សារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ការធ្លាក់ចុះ​កំណើន​ប្រាក់កម្ចី​។​

លោកស្រី​បញ្ជាក់ថា​ “​តាមពិតទៅ ប្រាក់កម្ចី​មិន​ដំណើរការ​ គឺ​ស្ថិតនៅក្រោម​កម្រិត ​ដែល​អាច​គ្រប់គ្រង​បាន ប៉ុន្តែ​ការកើនឡើង​ប្រាក់កម្ចី​មិន​ដំណើរ​ការ នាំ​ឱ្យមាន​ការធ្លាក់​ចុះ​ប្រាក់ចំណេញ ដូច្នេះ​វា​ធ្វើឱ្យ​ការបង្កើន​ល្បឿន​កំណើន​ប្រាក់កម្ចី​ ដើម្បី​គាំទ្រ​ទៅដល់​សកម្ម​ភាព​សេដ្ឋកិច្ច​”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here