ក្រសួងការងារគ្រោងបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន១៥,០០០នាក់ក្នុងពេលឆាប់ៗខាងមុខនេះ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកហេង សួរបានមានប្រសាសន៍ថា ក្រសួងនឹងចាប់ផ្តើមបើកវគ្គបណ្ដុះបណ្ដាលដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យប្រមាណ១៥,០០០នាក់ ក្នុងជំហានដំបូង ចំនួន៥០០ថ្នាក់ នាពេលដ៏ខ្លីខាងមុខនេះ។

វគ្គបណ្ដុះបណ្ដាលជំហានដំបូងនេះ ចាប់ផ្តើមក្រោយពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស វិជ្ជាជីវៈសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន១,៥លាននាក់ (TVET 1,5M) រួមទាំងកម្មករនិយោជិតផងដែរ កាលពីថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២៣។

កម្មវិធីនេះនឹងជួយដល់យុវជន ដែលមកពីគ្រួសារមានបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ អាចចូលរៀនដោយមិនបង់ថ្លៃ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន២៨ម៉ឺនរៀល ទទួលបានការប្រឹក្សាយោបល់ ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ ចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថានឧស្សាហកម្ម និងក្រុមហ៊ុនឯកជន ព្រមទាំងទទួលបានជំនាញមួយពិតប្រាកដ ដែលទីផ្សារការងារកំពុងត្រូវការ និងឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់ ដែលអាចជួយគ្រួសាររួចចាកផុតពីភាពក្រីក្រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ក្រសួងប្ដេជ្ញាអនុវត្តន៍ ឱ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ដែលបានផ្តល់នូវអនុសាសន៍ត្រូវធ្វើយ៉ាងម៉េចឱ្យយុវជនរបស់យើងបានចូលរៀន រៀនឱ្យចប់ រៀនឱ្យចេះ និងឱ្យមានការងារធ្វើ គឺរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ។

លោករដ្ឋមន្ត្រីមានប្រសាសន៍ដូច្នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉” ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត និងពិធីជួបសំណេះ​សំណាលរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយកម្មករ និយោជិតចំនួន១១ ០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីសប្តាហ៍មុន ។

លោកហេង សួរ មានប្រសាសន៍បន្តថា ក្រោយការប្រកាសដាក់ឱ្យអនុវត្តកម្មវិធី TVET 1,5M នេះ ក្រសួងបានធ្វើយុទ្ធនាការផ្សព្វ​ផ្សា​យតាមបណ្ដាញទំនាក់ទំនងសង្គម និងចុះយុទ្ធនាការផ្សព្វផ្សាយផ្ទាល់នៅតាមឃុំ សង្កាត់ និងតាមខ្នងផ្ទះគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យបានចំនួ៦២៩លើក។ ក្រសួងនឹងសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់ក្រុង ស្រុកខណ្ឌ ដើម្បីជួបជាមួយគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅតាមក្រុង ស្រុក ខណ្ឌនីមួយៗបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here