ការព្យាករណ៍ៈទុនបម្រុងអន្តរជាតិរបស់កម្ពុជានឹងកើនដល់២១ពាន់លានដុល្លារនៅឆ្នាំ២០២៤

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ការព្យាករថ្មីបានបង្ហាញ​ថា ទុនបម្រុងអន្តរជាតិកម្ពុជានៅឆ្នាំ២០២៤នេះ នឹង​កើន​ឡើងដល់​ជាង២១​ពាន់​លាន​ដុល្លារ​ ដោយកើនពី​ចំ​​នួន​ជាង ១៩​ ពាន់​លាន​ដុល្លារ​ (​តាម​ការប៉ាន់ស្មាន​)​ នៅក្នុង​ឆ្នាំ ​២០២៣។

កំណើនទុនបម្រុងអន្តរជាតិនេះ អាច​អនុញ្ញាតឱ្យ​កម្ពុជា​ធ្វើការ​នាំចូល​ទំនិញ និង​សេវាកម្ម​សំខាន់ៗ​ពី​ក្រៅប្រទេស​បាន​ចំនួន៦,៦​ ខែ បើ​ប្រទេស​ជាតិ​ជួបនឹង​វិបត្តិ​អ្វីមួយ ខណៈ​អ្នកសេដ្ឋកិច្ច​អះអាងថា ការ​កើនឡើង​ទុនបម្រុង​អន្តរជាតិ ​គឺ​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច​ជាតិ និង​កំណើន​ការវិនិយោគ​ផ្ទាល់ ​(FDI)​។

យោងតាមឯកសារ​ថវិកា​សង្ខេប​ប្រចាំឆ្នាំ ​២០២៤ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ (MEF)​ បានឱ្យដឹងថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៤ ត្រូវបាន​ព្យាករ​នឹង​សម្រេចបាន ​កំណើន​ក្នុង​រង្វង់៦,៦ ​ភាគរយ ដែល​នឹង​ធ្វើឱ្យ​ផលិតផល​ក្នុងស្រុក​សរុប ​(​ផសស​) ​ថ្លៃ​បច្ចុ​ប្បន្ន​ស្ថិតក្នុង​រង្វង់១៤,២៩៥៧​ ពាន់​លាន​រៀល ​(​សមមូល​ប្រមាណ៣៥, ១៦៨​ លាន​ដុល្លារ​) នៅក្នុង​នោះ​ទុន​បម្រុង​អន្តរជាតិ​កម្ពុជា​ សម្រាប់​ឆ្នាំ​ ២០២៤ ត្រូវបាន​ព្យាករ​នឹងមាន​ចំនួន២១,២៨ ​ពាន់​លាន​ដុល្លារ​ពី​ចំនួន​ប៉ាន់ស្មាន១៩,៤៤ ​ពាន់​លាន​ដុល្លារ ​ក្នុង​ឆ្នាំ​២០២៣ និង១៧,៨ ​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២២​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​ឯកសារដដែលបានបន្តថា ទោះបីជា​នៅក្នុង​បរិ​ការ​ណ៍​ដែល​កម្ពុជា ​កំពុង​ទទួល​ផល​ពី​សុខសន្តិភាព និង​ស្ថិរភាព​នយោបា​យ​ក្នុងប្រទេស ហើយ​សេដ្ឋកិច្ច​កំពុង​ងើបឡើង​វិញ និង​ត្រឡប់​ទៅរក​ភាពប្រក្រតី​ ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ក្តី ក៏​កម្ពុជា​នៅតែមាន​បញ្ហា​ប្រឈម​ ជាមួយ​រចនាសម្ព័ន្ធ​ខាងក្នុង​មួយចំនួន ដែល​ធ្វើឱ្យ​ដំណើរ​ការធ្វើ​ពិពិធ​​កម្ម​សេដ្ឋកិច្ច​ មិនទាន់​សម្រេចបាន​ក្នុង​ល្បឿន​ខ្ពស់ ​តាម​ការ​​រំពឹងទុក​បានឡើយ ហើយ​ភាព​​ប្រកួតប្រជែង​ក៏​នៅមានកម្រិត​។

ម្យ៉ាងទៀត​កម្ពុជា ​ក៏ដូចជា​បណ្តា​ប្រទេស​ដទៃទៀត​ ក៏​កំពុង​ត្រូវបាន​បន្ត​ហ៊ុមព័ទ្ធ​ដោយ​ហា​និ​​ភ័យ និង​ភាពមិនប្រាកដប្រជា​ពីកត្តា​ខាងក្រៅ​។

ឯកសារ​បញ្ជាក់ថា ​ជារួមហានិភ័យ និង​បញ្ហា​ប្រឈម​ទាំង​នេះ​បាននិងកំពុង​បង្ក​ផល​ប៉ះ​​ពាល់ ​លើ​ពាណិជ្ជកម្ម​អន្តរជាតិ ដែល​អាច​យាយី​ដល់​កិច្ចខិតខំ​​ប្រឹងប្រែង​របស់​កម្ពុជា ​ក្នុងការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក៏ដូចជា​អាច​ប៉ះពាល់​ដល់​ គន្លង​នៃ​ការ​អភិវឌ្ឍ​សង្គម​ ​សេដ្ឋកិច្ច​ឆ្ពោះ​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម ​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។

សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ បាន​មានប្រសាសន៍​ថា ទុនបម្រុង​អន្តរជាតិ គឺជា​ប្រាក់​ដែល​រដ្ឋា​ភិ​បាល​ប្រទេស​នីមួយៗ​តម្កល់​ទុក ​សម្រាប់​ប្រើប្រាស់​នៅពេល ​ប្រទេស​ជួប​វិបត្តិ​អ្វីមួយ ដោយ​រដ្ឋាភិបាល​អាច​ដ​ក​ទុនបម្រុង​អន្តរជាតិ ​ទៅ​ចំណាយ​លើ​ការ​ទិញ​ស្បៀងអាហារ ថ្នាំពេទ្យ… ឬ​ប្រេងឥន្ធនៈ​ជាដើម​ ដើម្បី​ធានា​និរន្តរភាព​សង្គម និង​សេដ្ឋកិច្ច​។

លោក​បន្ថែមថា “កំនើន​ទុនវិនិយោគ គឺ​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ស្ថានភាព​ការវិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ផងដែរ ពីព្រោះ​នៅពេល​សកម្ម​ភាព​សេដ្ឋកិច្ច​ ក្នុងប្រទេស​មានដំណើរ​កា​រ​ល្អ ទើប​រដ្ឋាភិបាល​អាចរ​ក្សា​ទុក ឬ​បង្កើន​ទុនបម្រុង​អន្តរជាតិ​បាន​ច្រើន”​។

យោងតាម World Econo-mic Forum រូបិយប័ណ្ណ​បរទេស ឬ​ទុនបម្រុង​បរទេស ឬ​គេ​ស្គាល់​ថា ជា​ទុនបម្រុង​អន្តរជាតិ រួម​មាន​សាច់ប្រាក់ និង​ទ្រព្យសកម្ម​ផ្សេងទៀត​ដូចជា​មាស ដែល​ត្រូវបាន​តម្កល់ទុក​ដោយ​ធនា​-​គារ​កណ្តាល និង​ស្ថាប័ន​ហិរញ្ញ​​វត្ថុ​ផ្សេងទៀត ​ដូចជា ​មូលនិធិ​រូ​បិ​យ​វត្ថុ​អន្តរជាតិ ​(IMF)៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here