ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលឡូជីស្ទិកតំបន់។
សម្តេចធិបតីហ៊ុន ម៉ាណែតបានថ្លែងបែបនេះ អញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ ចំណតផែកុងតឺន័រទឹកជ្រៅ ជំហានទី១ ស្ថិតនៅកំពង់ស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២២ ធ្នូនេះ។
សម្តេចបានរំលឹកថា កាលពីមួយខែមុនសម្តេចបានណែនាំឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឧបនាយករដ្ឋមន្ត្រី អូន ព័ន្ទមុនីរ័ត្ន រៀបចំបើកការដ្ឋានសាងសង់ផែនេះ ឱ្យបានក្នុងឆ្នាំ២០២៣។ ឥឡូវនេះ ការបើកការដ្ឋានបានរៀបចំទៅតាមការគ្រោងទុក។
សម្តេចធិបតីហ៊ុន ម៉ាណែត បានថ្លែងថា ត្រឹមរយៈប៉ុន្មានខែប៉ុណ្ណោះ សម្តេចបានសម្ពោធសមិទ្ធផល និងបើកការដ្ឋានសាងសង់សមិទ្ធផលជាច្រើន ក្រោមការគាំទ្រថវិកាពីជប៉ុន។ នេះជាសមិទ្ធផលកើតចេញពីទំនាក់ទំនងល្អប្រសើរ រវាងកម្ពុជា-ជប៉ុន ជាពិសេសអបអរសាទរខួប៧០ឆ្នាំ ទំនាក់ទំនងប្រទេសទាំងពីរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជប៉ុនបានរួមចំណែកយ៉ាងច្រើន ក្នុងតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ផែមានសារៈសំខាន់ណាស់ សម្រាប់តភ្ជាប់ការដឹកជ្ជូនទំនិញ រវាងផ្លូវគោក និងផ្លូវទឹក និងការធ្វើពាណិជ្ជកម្មអន្តរជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា សម្តេចបានបញ្ជាលោកឧបនាយករដ្ឋមន្ត្រី ឱ្យរៀបចំផែនការមេ សម្រាប់កសាងបណ្តាញដឹកជញ្ជូននៅកម្ពុជា ព្រោះបច្ចុប្បន្នកំពង់ផែកម្ពុជា មានសមត្ថភាពទទួលនាវាក្នុងតំបន់បានត្រឹម១៨ភាគរយប៉ុណ្ណោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំ២០២៦ ក្រោយសាងសង់ផែទឺកជ្រៅជំហានី១រួចរាល់ ផែកម្ពុជាមានសមត្ថភាពទទួលកុងតឺន័រ បានរហូតដល់ទៅ៩៣ភាគរយ។សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសាងសង់ផែ សម្រាប់ផ្ទេរទំនិញឱ្យបានរួចរាល់ នៅឆ្នាំ២០២៤ ដើម្បីទាញសក្តានុពលពីការដឹកជញ្ជូន។ សម្តេចបានស្នើជប៉ុន សហការជាមួយកម្ពុជា ប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលភស្តុភាកម្ម។
សម្តេចធិបតីហ៊ុន ម៉ាណែត ក៏បានស្នើជប៉ុន ពិនិត្យលទ្ធភាពជួយសាងសង់ស្ពានពីក្តីតាកុយ ទៅអរិយក្សត្រ៕