តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃសុក្រនេះ ខណៈប្រាក់ដុល្លារធ្លាក់ថ្លៃចុះ បន្ទាប់ពីធនាគារកណ្តាលអាមេរិក(Fed) ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមបញ្ចុះអត្រាការប្រាក់របស់ខ្លួន នៅខែមីនា ឆ្នាំ២០២៤។

ជាក់ស្តែង សន្ទស្សន៍ ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បាន ងើបឡើងថ្លៃ០,៣ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៣៤ភាគរយ។

ប៉ុន្តែ សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,៣៥ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,៣១ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានងើបឡើងថ្លៃ០,០២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៣២ភាគរយ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងប្រាក់អឺរ៉ូ ប្រាក់យ៉េន និងរូបិយប័ណ្ណសំខាន់ៗចំនួន៤ផ្សេងទៀត បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០១,៧៦ពិន្ទុ ក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ។

ទិន្នន័យបានបង្ហាញថា GDP របស់សហរដ្ឋអាមេរិក បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៤,៩% កាលពីត្រីមាសទី៣ ពោលគឺធ្លាក់ចុះ បើធៀបនឹងល្បឿនដែលបានរាយការណ៍ពីមុន៥,២% ខណៈការទាមទារអត្ថប្រយោជន៍ពីភាពគ្មានការងារធ្វើប្រចាំសប្តាហ៍បានកើនឡើងបន្តិចប៉ុណ្ណោះ។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៨៣% ដែលធនាគារកណ្តាលអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់ នៅខែមីនា បើធៀបនឹងឱកាស៧៩% មុនពេលចេញផ្សាយទិន្នន័យសេដ្ឋកិច្ចខាងលើ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

ជាមួយគ្នានោះ បណ្តាអ្នកវិនិយោគកំពុងរង់ចាំមើលរបាយការណ៍សន្ទស្សន៍នៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) ស្នូលរបស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយថ្ងៃសុក្រនេះផងដែរ។

ចំណែក តម្លៃប្រេងបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈដែលភាពតានតឹងនៅតែបន្តកើតមាននៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីក្រុម Houthi បានបើកការវាយប្រហារទៅលើនាវានៅសមុទ្រក្រហម។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង២៣សេន ដល់៧៩,៦២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0121 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង២២សេនដល់៧៤,១១ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here