ស្ថាប័នអន្តរជាតិOECDព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងកើន ឡើងវិញនៅឆ្នាំ២០២៥

ដោយ: គង់ លាងហួរ

អន្តរជាតិ: អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានឱ្យដឹងថា សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះបន្តិចនៅឆ្នាំក្រោយ ដោយសារការរឹតបន្តឹង គោលនយោបាយរូបិយវត្ថុ ការធ្លាក់ចុះនៃពាណិជ្ជកម្ម និងការថយចុះទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងអាជីវកម្ម។

របាយការណ៍ទស្សនវិស័យសេដ្ឋកិច្ច ចុងក្រោយបំផុតរបស់អង្គការ OECD បានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកនឹងកើនឡើង២,៩% ក្នុងឆ្នាំនេះ មុនពេលធ្លាក់ចុះបន្តិចបន្តួចមកនៅសល់ត្រឹម២,៧% ក្នុងឆ្នាំ២០២៤ និងងើបឡើងវិញដល់៣ភាគរយនៅឆ្នាំ២០២៥។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ខាងលើបានបន្តថា តំបន់អាស៊ីត្រូវបានគេរំពឹងថា នឹងបន្តគ្របដណ្តប់ចំណែកដ៏ច្រើន នៃកំណើនសេដ្ឋកិច្ចសកលលោកនៅឆ្នាំ២០២៤ និងឆ្នាំ២០២៥ខាងមុខ ដូចដែលវាបានកើតឡើងនៅឆ្នាំ២០២៣នេះ។

អតិផរណាតម្លៃទំនិញប្រើប្រាស់ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះបន្តិចម្តងៗ ឆ្ពោះទៅរកគោលដៅរបស់បណ្តាធនាគារកណ្តាល នៅតាមបណ្តាប្រទេសជាច្រើននៅក្នុងឆ្នាំ២០២៥។

ចំណែក អតិផរណានៅក្នុងបណ្តាប្រទេសសមាជិកអង្គការ OECD ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពី៧ភាគរយ ក្នុងឆ្នាំ២០២៣នេះ មកនៅត្រឹម៥,២ភាគរយ នៅឆ្នាំ២០២៤ និងបន្តធ្លាក់ចុះដល់៣,៨ភាគរយនៅឆ្នាំ២០២៥។

លោក Mathias Cormann អគ្គលេខាធិការអង្គការ OECD បានអះអាងថា សេដ្ឋកិច្ចពិភពលោកបន្តប្រឈមមុខ នឹងបញ្ហាប្រឈ មទាំងកំណើនទាប និងអតិផរណាកើនឡើង ហើយសេដ្ឋកិច្ចសកលនឹងមានការធ្លាក់ចុះតិចតួចនៅឆ្នាំក្រោយ ដែលបណ្តាលមកពីការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ។

លោកបានបន្ថែមថា “ដើម្បីសម្រេចបានកំណើនរឹងមាំជាងនេះ យើងត្រូវតែជំរុញការប្រកួតប្រជែង ការវិនិយោគ ជំនាញ និងកែលម្អកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីដោះស្រាយបញ្ហាប្រឈមរួម ដូចជាការធ្វើឱ្យលំហូរពាណិជ្ជកម្មសកល ស្ទុះងើបឡើងវិញ និងការផ្លាស់ប្តូរសកម្មភាពលើការប្រែប្រួលអាកាសធាតុ”។

អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច(OECD) គឺជាអង្គការអន្តររដ្ឋាភិបាល ដែលមានប្រទេសសមាជិកចំនួន៣៨ បានបង្កើតឡើងក្នុងឆ្នាំ ១៩៦១ ដើម្បីជំរុញវឌ្ឍនភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here