ដំណឹងល្អៈយុវជនកម្ពុជាជាង១៣,០០០នាក់ហើយបានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ  គិតរហូតមកទល់ពេលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលយុវជន១៣,៥៨៧នាក់ មកចុះឈ្មោះចូលរៀន​ជំនាញវិជ្ជាជីវៈនៅទូទាំងប្រទេស។

លោកកត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៣នេះ ពោល​គឺមានរយៈ​ពេល១ខែគត់ នៃការដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះ  ក្នុងនោះដែរ​ក្រសួងការងារបានដុតដៃដុតជើង ផ្សព្វផ្សាយព័ត៌មាន ចាត់ក្រុមការងា​រថ្នាក់ក្រសួង​ចុះមូលដ្ឋាន ធ្វើយ៉ាងណាកៀរគរ​យុវជនគោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះឱ្យបានផុសផុល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថា ក្នុងចំណោម អ្នកចុះឈ្មោះសរុបប្រមាណ ១៣ ៥៨៧នាក់ (ស្រី៤៧០៤នាក់) ក្នុងនោះ រាជធានីភ្នំពេញចំនួន ៥ ៧០៤នាក់, បាត់ដំបង១៤៨៨នាក់ សៀមរាប៩៣៣នាក់, ព្រះសីហនុ ៤៨២នាក់, ពោធិ៍សាត់ ៤៧៨នាក់  និងបណ្ដាខេត្តផ្សេងៗចំនួន ៤ ៥០២នាក់ ។

ក្នុងចំណោមនោះ យុវជនដែលបានចុះឈ្មោះរៀនវគ្គបណ្តុះបណ្តាលសំណង់សរុបមានចំនួន១៩១១នាក់ ជំនាញអគ្គិសនី និងថាមពល៤៩១នាក់។ ជំនាញអេឡិចត្រូនិក៣៥២នាក់ កម្មន្តសាល ៨៥នាក់ ជំនាញមេកានិចទូទៅ/មេកានិចរថយន្ត២០០៤នាក់ ជំនាញធុរកិច្ច និងព័ត៌មានវិទ្យា៤៤៩០នាក់។ សេវាកម្ម ៧៣០នាក់ បរិក្ខារត្រជាក់ និងកម្តៅ១ ៩៩៤នាក់ ជំនាញទេសចរណ៍៨២៣នាក់ និងកសិកម្ម និងកសិ-ឧស្សាហកម្ម ៧០៧នាក់។

លោកកត្តា អ៊នបានបញ្ជាក់បន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយ ​អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ទ្រង់ទ្រាយធំ ក្នុងនោះដែរ ការចុះយុទ្ធនាការផ្សព្វផ្សាយតាម សង្កាត់ និងតាមខ្នងផ្ទះនៃគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យបានចំនួន៥០១លើក ដែលមានអ្នកចូលរួមសរុប៥០,៦៤០នាក់។

រដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ បាននិងកំពុងរៀបចំ និងបើកកម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយ​រងហានិភ័យ​ចំនួន១,៥ លាននាក់ មកពីទូទាំងប្រទេស៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here