ធនាគារ ឈីហ្វចាប់ផ្តើមទសវត្សរ៍បន្ទាប់ ជាមួយការប្តូរ ពាណិជ្ជសញ្ញាថ្មីសម្រាប់យុគឌីជីថល

ដោយៈ សហការី

ភ្នំពេញៈ កត់សម្គាល់រយៈពេលមួយទសវត្សរ៍ នៃប្រតិបត្តិការ នៅកម្ពុជា ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) បានបង្ហាញពាណិជ្ជសញ្ញាថ្មីរបស់ខ្លួន ដែលជាជំហ៊ានមួយ​មិនត្រឹម​តែបង្ហាញអំពី ​ការ​ផ្លាស់ប្តូរពាណិជ្ជសញ្ញាសាជីវកម្មថ្មីប៉ុណ្ណោះទេ ប៉ុន្តែ​ក៏ប្រកាសអំពីការត្រៀមខ្លួន​របស់ខ្លួន ក្នុងការ​ចាប់​យក​យុគ​ធនា​គារឌីជីថលដំបូងគេផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពាណិជ្ជសញ្ញាថ្មី ពោរពេញដោយថាមវន្ត  ដែលជា​ផ្នែកមួយ​នៃ​គំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត ដើម្បីឆ្លើយតបនឹងមនុស្សវ័យក្មេង ដែ​លមាន​ចំណេះដឹង​ផ្នែកបច្ចេក​វិទ្យានៅកម្ពុជា ខណៈ​ធនាគារ​ប្រារព្ធ​គម្រប់ខួបអនុស្សាវរីយ៍១០ឆ្នាំ នៅក្នុង​ឧស្សាហកម្ម​នេះ។ លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិធនាគារ ឈីហ្វ បានពន្យល់​ពីសារៈ​សំខាន់ ​នៃ​ពាណិជ្ជ​សញ្ញាថ្មីនេះថា ជាតំ​ណាងនៃស្ថាប័នមួយ​ ដែលតម្រង់ខ្លួនឡើងវិញ ​ជាមួយ​ការគិតឆ្ពោះ​ទៅមុខ​ លើ​​អតិថិជនដែលមានចំណេះដឹងផ្នែកឌីជីថល​ ដែលកំពុង​តែក្លាយជាចំណុចស្នូល នៃ​វិស័យហិរញ្ញវត្ថុ​កាន់តែទូលំទូលាយ នៅ​កម្ពុជា​។

លោកបណ្ឌិតបានបញ្ជាក់ថា “ពាណិជ្ជសញ្ញាថ្មីរបស់ធនាគារ ឈីហ្វ នេះ​គឺជា​សក្ខីភាព​មួយ​បង្ហាញ ពីការប្តេជ្ញាចិត្តរបស់យើង​ចំពោះ​ការច្នៃប្រឌិតថ្មី និងការត្រៀមខ្លួនរបស់យើង ដើម្បី​ឆ្លើយតប​ទៅ​នឹងយុគឌីជីថល”។​លោកបន្ថែមថា “វាមិនមែនគ្រាន់តែជាការ​ផ្លា​ស់ប្តូរការ​រចនាប៉ុណ្ណោះទេ ប៉ុន្តែ​ជា​ការផ្តល់​សញ្ញាមួយ ​ទៅកាន់ទីផ្សារ​ថា យើងកំពុងវិវឌ្ឍន៍​ជាមួយ នឹងតម្រូវការរបស់អតិថិជន​ដែលកំពុង​មានការ​ផ្លាស់ប្តូរ ជាពិសេស​យុវជនជំនាន់ក្រោយ​ ដែលជាអនាគត​អ្នកដឹកនាំប្រទេសជាតិ”។ផែនការយុទ្ធសាស្រ្ត និងវិធីសាស្រ្តឆ្លើយតបទៅនឹងតម្រូវការទីផ្សារ        ចាប់តាំងពីបានបើកប្រតិបត្តិការ ក្នុងទីផ្សារកម្ពុជាក្នុងឆ្នាំ​២០១៣ ធនាគារឈីហ្វ បាន​ក្លាយ​ពី​ធនាគារ​ឯកទេសទៅជា​ធនាគា​រពាណិជ្ជ​ដ៏ទូលំទូលាយមួយនៅក្នុងឆ្នាំ២០១៨។ ដំណើររបស់ធនាគារ​ ត្រូវបាន​កត់សម្គាល់​ដោយភាពធន់ដ៏ខ្លាំ​ង​​ក្លា​ នៅចំពោះមុខការប្រែប្រួលសេដ្ឋកិច្ចទាំងក្នុងស្រុកនិងសកល។

ភាពធន់នេះត្រូវបានឆ្លុះបញ្ចាំង នៅក្នុងកំណើននៃប្រាក់បញ្ញើ​សរុបរបស់ខ្លួន ដែលបច្ចុប្បន្ន​មានលើសពី១៦០លានដុល្លារ ហើ​យ​ទ្រព្យសកម្មសរុបរបស់ធនាគារ មានចំនួនលើសពី២៤០លានដុល្លារ គិត​ត្រឹម​ខែ​វិច្ឆិកាឆ្នាំនេះ។ ភាពរឹងមាំផ្នែកហិរញ្ញវត្ថុនេះ គឺជាលទ្ធផលដែលកើតឡើងដោយ​ផ្ទាល់ពី​ផែនការ​យុទ្ធសាស្រ្ត​របស់ធនាគារ និងវិធីសាស្រ្តឆ្លើយ​តប​របស់ធនាគារចំពោះ​តម្រូវការទីផ្សារ។

ប្រធាននាយកប្រតិបត្តិបានរំលឹក ពីការវិវឌ្ឍយុទ្ធសាស្ត្ររបស់​ធនា​​គារ ដោយសង្កត់ធ្ងន់លើគុណតម្លៃរបស់​ខ្លួនថា “យើងបាន​កសា​ងមូលដ្ឋានគ្រឹះ​នៃការជឿទុកចិត្ត ជាមួយអតិថិជនរបស់យើង តាម​រយៈ​​ការ​យកចិត្តទុកដាក់ ​ចំពោះក្រមសីលធម៌វិជ្ជាជីវៈ សុចរិត​ភាព ភាព​ប្រុងប្រយ័ត្ន និងតម្លាភាព។ ទាំង​នេះ​មិនមែន​គ្រាន់តែ​ជាគោ​ល​ការណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាសសរស្តម្ភ ដែល​បាន​គាំទ្រ​ដល់​ដំណើរ​របស់យើង​ក្នុង​មួយ​ទសវត្សរ៍កន្លងមកនេះ”។ ​

ការប្តេជ្ញាចិត្តរបស់ធនាគារឈីហ្វ គឺ​រក្សាល្បឿន​ជាមួយនឹង​បច្ចេកវិទ្យាហិរញ្ញវត្ថុចុងក្រោយបំផុត ​ដែល​បាន​នាំឱ្យមានភាពជាដៃគូ​យុទ្ធសាស្ត្រ ជាមួយនឹងក្រុមហ៊ុនឈានមុខ ផ្នែកបច្ចេកវិទ្យាមកពី​ទីក្រុងហុងកុង និង​ឥណ្ឌា ជាដើម។ ភាពជាដៃគូទាំងនេះមានសារៈ​សំខាន់ណាស់ក្នុងការធានាថា ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យារបស់​ធនាគារនៅតែឈានមុខគេ និងមានប្រសិទ្ធភាព ដែលជាភាពចាំបាច់​សម្រាប់បម្រើ​អតិថិជនជំនាន់ថ្មី។

ខណៈធនាគារ ឈីហ្វ កំពុងសម្លឹងមើលទៅវិសាលភាពកាន់​តែធំ លោកបណ្ឌិតម៉ូរ៉ារិទ្ធ បានបង្ហាញ​ផែន​ការ​ពង្រឹងពាណិជ្ជ​សញ្ញាសាជីវកម្ម ប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវស្តង់ដារ អនុលោមភាព និង​ពង្រីកវត្តមាន​របស់ពួកគេ នៅតាមទីតាំងសំខាន់ៗក្នុង​រាជធានី​ភ្នំពេញ។

ប្រធាន​នាយកប្រតិបត្តិ​ ក៏បានចែករំលែក​នូវចំណេះដឹង​សម្រា​ប់អ្នកមាន​ទេពកោសល្យ នៅក្នុងឧស្សាហកម្មធនាគារ ដែល​កំពុង​រីកចម្រើន ដោយលើកឡើងពីសារៈសំខាន់ នៃការរៀន​សូត្រឥតឈប់​ឈរ កំណត់ត្រាជោគជ័យដ៏រឹងមាំ និង​ការរក្សាបាននូវសុចរិតភាព។

ពាណិជ្ជសញ្ញាឆ្លុះបញ្ជាំងពីភាពយុវវ័យ​និងច្នៃប្រឌិតដែលជាការ​ផ្លាស់​ប្តូររបស់​ធនាគារ​ឌីជីថលដំបូងគេ          គំនិតផ្តួចផ្តើមបង្កើតពាណិជ្ជសញ្ញាថ្មីនេះឡើង គឺជារបត់​ដ៏សំ​ខាន់មួយសម្រាប់ធនាគារ ឈីហ្វ នៅ​ពេល​ដែល​ធនាគារឈា​ន​ចូល​ទៅកាន់ទសវត្សរ៍ទី២ នៃប្រតិបត្តិការរបស់ខ្លួន។ ពាណិជ្ជសញ្ញា​ថ្មីនេះ​មិន​ត្រឹមតែ​​ឆ្លុះបញ្ចាំងពីស្មារតីក្មេងវ័យ និងគំនិតច្នៃប្រឌិតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា​និមិត្តសញ្ញា ​នៃការខិតខំ​ប្រឹងប្រែង​​ឥតឈប់ឈររបស់ធនា​គារឈីហ្វ ក្នុងការក្លាយជាគ្រឹះស្ថានធនាគារ បែបឌីជីថលដំបូងគេ​ដែលអាច​ឆ្លើយតប និងបំពេញតម្រូវការសេវាកម្ម ធនាគាររបស់​យុវជ​នកម្ពុជា។ ដំណើររយៈពេលមួយទស្សវត្សរ៍របស់ធនាគារ ឈីហ្វបាន​បង្ហា​ញយ៉ាងស៊ីជម្រៅអំពីកំណើន និង​ភាពធន់នៅក្នុងបរិយាកាស​សេដ្ឋ​កិច្ច​ដ៏លំបាកបន្ទាប់ពីជំងឺកូវីដ១៩។ វា​ជា​ការ​គូសបញ្ជាក់​ពី​អំណាច​នៃ​ទំនុកចិត្ត​របស់​អតិថិជន ចក្ខុវិស័យ​ជា​យុទ្ធសាស្ត្រ និង​ការ​ទទួលយក​បច្ចេកវិទ្យា​ឌីជីថល ​ក្នុង​វិស័យ​ធនាគារ ​ដែល​កំពុងមាន​ការប្រកួត​ប្រជែង​។ ខណៈដែលធនាគារឈានជើងចូល ដល់ឆ្នាំ២០២៤ និមិត្ត​សញ្ញា​ថ្មីនេះ ​មិនគ្រាន់តែជាការ​ធ្វើបច្ចុប្បន្នភាព លើសោភ័ណភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែជាការប្រកាសអំពីយុទ្ធសាស្ត្រតម្រង់ទិស នាពេល​អនាគតរបស់​ធនាគារឈីហ្វ និងមហិច្ឆតារបស់ខ្លួន ក្នុងការបន្ត​ជា​ផ្នែក​ដ៏​សំខាន់មួយ នៃ​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា ដែលឆ្លុះ​បញ្ចាំង ជាពិសេសជាមួយនឹងបំណងប្រាថ្នា របស់មនុស្សជំនាន់​ក្រោយ៕

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here