កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​បំផុត​ក្នុង​ពិភពលោក​ត្រៀម​រៀបចំ​ចុះហត្ថលេខានៅ​ពាក់​កណ្តាលខែ​នេះ

ដោយៈ សាវុធ

អន្តរជាតិៈ លោក Jurin Laksanawisit រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ​នឹង​ធ្វើជា​តំណាងឱ្យ​ប្រទេស​ថៃ ក្នុងការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) នៅ​ពាក់​កណ្តាលខែ​នេះ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន VNA នៅ​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

កិច្ចប្រជុំ​កំពូល RCEP នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី១៥ ខែវិច្ឆិកា​ខាងមុខ ដែល​វា​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​កំពូល​ទៀងទាត់ តាម​ប្រព័ន្ធ​អន​ឡាញ ដែល​រៀបចំឡើង​ដោយ​ប្រទេស​វៀតណាម ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ចាប់ពី​ថ្ងៃទី ១២-១៥ ខែវិច្ឆិកា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចព្រមព្រៀង RCEP គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ដែល​ស្នើ​ដោយ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ចំនួន១០ និង​ប្រទេស​ដៃគូ​សន្ទនា​ចំនួន៦ គឺ​ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់។

កិច្ចចរចា​ស្តីពី កិច្ចព្រមព្រៀង RCEP បានចាប់ផ្តើម​កាលពី​ចុងឆ្នាំ ២០១២ នៅឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១ នៅ​រាជធានី​ភ្នំពេញ។

សេចក្តីថ្លែងការណ៍​ពី​កិច្ចព្រមព្រៀង RCEP បាន​និយាយថា ប្រទេស​ចំនួន១៥ដែល​បាន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះ បានបញ្ចប់​កិច្ចចរចា​អត្ថបទ ផ្អែកទៅលើ​អត្ថបទ​ដែលមាន​ចំនួន២០ជំពូក និង​បញ្ហា​ចូលទៅ​កាន់​ទីផ្សារ​រួចហើយ។ ដោយមាន ឬ​គ្មាន​ភាគី​ឥណ្ឌា កិច្ចព្រមព្រៀង RCEP ត្រូវបាន​កំណត់ពេល​ស​ម្រា​ប់​ការចុះហត្ថលេខា ជា​ផ្លូវការ​នៅក្នុង​ឆ្នាំនេះ ដែល​នឹង​ចូល​ជា​ធរមាន​នៅក្នុង​ឆ្នាំ២០២១ ឬ​ខែមករា ឆ្នាំ ២០២២ ។

កាលពី​ឆ្នាំ២០១៩ ចំនួន​ប្រជាជន​នៃ​សមាជិក​កិច្ចព្រមព្រៀង RCEP បាន​ឡើងដល់ ៣,៦ពាន់​លាន​នាក់ ជាមួយនឹង​ផលិតផល​ក្នុងស្រុក​សរុប (GDP) ដែលមាន​តម្លៃ​ជាង ២៨,៥ទ្រី​លាន​ដុល្លារ​អាម៉េរិក ដែល​ស្មើនឹង៣២,៧ភាគរយ​នៃ GDP របស់​ពិភពលោក។ ទំហំ​ពាណិជ្ជកម្ម​របស់​សមាជិក មាន​ចំនួន១១,២ទ្រី​លាន​ដុល្លារ​អាម៉េរិក ឬ​ស្មើនឹង២៩,៥ភាគរយ​នៃ​ពាណិជ្ជកម្ម​ពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here