តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ី និងមូលបត្របំណុលបានងើបឡើងថ្លៃ នៅថ្ងៃពុធនេះ ខណៈប្រាក់ដុល្លារធ្លាក់ថ្លៃចុះ បន្ទាប់ពីអ្នកវិនិយោគកាន់តែមានទំនុកចិត្តថា ធនាគារកណ្តាលអាមេរិក(Fed) បានឈានដល់ទីចុងបញ្ចប់នៃគោលនយោបាយដំឡើងអត្រាការប្រាក់របស់ខ្លួន។

ជាក់ស្តែង សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនអាមេរិក MSCI  នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៥ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,១១ភាគរយ  ខណៈសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១,៧៥ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,៦៤ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,៣៣ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានងើបឡើងថ្លៃ០,៣៧ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,០០៣ភាគរយ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិក ធៀបនឹងកញ្ចប់រូបិយប័ណ្ណសំខាន់ៗចំនួន៦ បានធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលជាង៣ខែ។

ជាមួយគ្នានេះ រូបិយប័ណ្ណប្រាក់យ៉េនរបស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ ដោយជួញដូរក្នុងតម្លៃ១៤៦,៦៧យ៉េនក្នុងមួយដុល្លារ ខណៈប្រាក់អឺរ៉ូបានងើបឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង៣ខែ ដោយជួញដូរក្នុងតម្លៃ១,១០១ដុល្លារក្នុងមួយអឺរ៉ូ។

តម្លៃប្រេងបានកើនឡើងនៅថ្ងៃពុធនេះ
ខណៈដែលព្យុះនៅក្នុងតំបន់សមុទ្រខ្មៅបានរំខានដល់ការនាំចេញប្រេងពីកាហ្សាក់ស្ថាន និងរុស្ស៊ី ដោយបង្កើនការភ័យខ្លាចចំពោះការរឹតបន្តឹងការផ្គត់ផ្គង់ ហើយវិនិយោគិនកំពុងរង់ចាំការសម្រេចចិត្តរបស់អង្គការ OPEC+ ដែលអាចនឹងបន្តកាត់បន្ថយការផលិតប្រេងរបស់ពួកគេ។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង៣៣សេនដល់៨២,០១ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0127 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures (WTI) កើនឡើង៤៥សេន ដល់៧៦,៨៦ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here