ឥណ្ឌូនេស៊ីប្រកាសផែនការវិនិយោគលើថាមពលស្អាត ដើម្បីទទួលបានកញ្ចប់ជំនួយ២០ពាន់លានដុល្លារពីលោកខាងលិច

ដោយ: គង់ លាងហួរ
ហ្សាការតា: កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានប្រកាសផែនការវិនិយោគមួយ ក្នុងគោលដៅកាត់បន្ថយការពឹងផ្អែកលើថាមពលធ្យូងថ្ម ដើម្បីទទួលបានកញ្ចប់ថវិកាពីក្រុមប្រទេសលោកខាងលិច។

ឥណ្ឌូនេសុី ដែលជាប្រទេសពឹងផ្អែកខ្លាំងលើថាមពលធ្យូងថ្ម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមប្រទេសលោកខាងលិច ដើម្បីឈានទៅកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកចំនួន៤០លានតោន នៅត្រឹមឆ្នាំ២០៣០។

ដើម្បីទទួលបានកញ្ចប់ថវិកាចំនួន២០ពាន់លានដុល្លារ ពីក្រុមប្រទេសលោកខាងលិច ដែលបានប្តេជ្ញាជួយបណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុងការងាកទៅប្រើថាមពលស្អាត រដ្ឋាភិបាលឥណ្ឌូនេស៊ីប្រកាសផែនការវិនិយោគប្របដោយមហិច្ឆិតាមួយ ក្នុងគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក នៅក្នុងវិស័យអគ្គិសនី។

យោងតាមក្រសួងដែនសមុទ្រ និងការវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ី បានឱ្យដឹងថា ផែនការគោលនយោបាយ និងការវិនិយោគ ដែលរដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសនេះ មានកត់សម្គាល់ពីការកាត់បន្ថយការបំភាយឧស្ម័នកាបូនិក នៅក្នុងវិស័យអគ្គិសនី មកនៅសល់ត្រឹម២៥០លានតោន នៅត្រឹមឆ្នាំ២០៣០ខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដើម្បីសម្រេចបានគោលដៅនេះ ប្រទេសឥណ្ឌូនេស៊ីត្រូវការថវិកាយ៉ាងហោចណាស់៩៧ពាន់លានដុល្លារ ដែលស្មើនឹង៥ដងនៃកញ្ចប់ជំនួយ ដែលសន្យាផ្តល់ដោយក្រុមប្រទេសលោកខាងលិច សម្រាប់វិនិយោគទៅលើការផលិតថាមពលស្អាត ដូចជាបន្ទះស្រូបពន្លឺព្រះអាទិត្យ ជាដើម។

ឥណ្ឌូនេស៊ី ជាប់ឈ្មោះជាប្រទេសទី៤ បន្ទាប់ពីប្រទេសអាហ្វ្រិកខាងត្បូង វៀតណាម និងសេណេហ្កាល់ ដែលបានទទួលផលប្រយោជន៍ពីកញ្ចប់ជំនួយរបស់ប្រទេសលោកខាងលិច សម្រាប់ការវិនិយោគទៅលើថាមពលស្អាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here