ផ្សារមូលបត្រកម្ពុជា ទទួលបានមានការស្នើសុំបើកគណនីជួញដូរ៣ពាន់គណនី ត្រឹមរយៈពេល៤ថ្ងៃ

(ភ្នំពេញ)៖ ត្រឹមរយៈពេល៤ថ្ងៃ នៃពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជា (CSX) ទទួលបានការស្នើបើកគណនីជួញដូរជាង៣០០០គណនីថ្មី ក្នុងនោះការស្នើសុំគណនីតាមប្រព័ន្ធអនឡាញ មានចំនួន២០០០គណនី។

ចំនួននេះមានការកើនឡើងជាងឆ្នាំមុនប្រមាណ៥០ភាគរយ និងជាចំនួនមួយដ៏ច្រើន សម្រាប់ការបើកក្នុងរយៈពេលត្រឹម៤ថ្ងៃនៃពិធីពិព័រណ៍។ បន្ថែមពីនេះមានសាធារណជន១០ម៉ឺននាក់ បានចាប់អារម្មណ៍ និងចូលមកកាន់ Facebook Page ផ្លូវការរបស់ផ្សារមូលបត្រកម្ពុជា ដើម្បីស្វែងយល់បន្ថែមពីផ្សារភាគហ៊ុនផងដែរ។

សូមជម្រាបថា ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ឆ្នាំ២០២៣ រៀបចំឡើង៤ថ្ងៃ ក្នុងគោលបំណង៖

១៖ លើកស្ទួយវិស័យមូលបត្រនៅកម្ពុជា តាមរយៈការផ្សព្វផ្សាយ និងការបញ្ជ្រាបការយល់ដឹង ដល់សាធារណជន ពិសេសវិនិយោគិនសក្តានុពល ទាំងវិនិយោគិនជាតិ និងអន្តរជាតិ ឱ្យបានស្គាល់ និងយល់ដឹងបន្ថែម អំពីផ្សារមូលបត្រកម្ពុជា ក៍ដូចជាអត្ថប្រយោជន៍ដ៏ច្រើននៃទីផ្សារនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២៖ ផ្តល់ឱកាសជូនវិនិយោគិន និងសាធារណជន ក្នុងការសិក្សាស្វែងយល់កាន់តែច្បាស់ពី វិស័យមួលបត្រនៅកម្ពុជា តាមរយៈជំនួបផ្ទាល់ជាមួយនិយ័តករ ប្រតិបត្តិករ ក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនបោះផ្សាយមូលបត្រ និងតួអង្គពាក់ព័ន្ធផ្សេងៗ។

៣៖ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ ជំនាន់ទី២តាមរយៈការតភ្ជាប់ ជាមួយថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា និងប្រព័ន្ធផ្ដល់លេខអត្តសញ្ញាណវិនិយោគិន តាមអនឡាញ របស់និយ័តករមូលបត្រកម្ពុជា ដែលវិនិយោគិនអាចទទួលបានគណនីជួញដូរ បានលឿននៅគ្រប់ទីកន្លែង។

៤៖ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កញ្ចប់ប្រូម៉ូសិនពិសេស សម្រាប់វិនិយោគិនថ្មី តាមរយៈការជំរុញការបើក
គណនីជួញដូរ ដោយផ្តល់ជូនសាធារណជន នូវលេខអត្តសញ្ញាណវិនិយោគិន និងគណនីជួញដូរដោយឥតគិតថ្លៃ, ការបញ្ចុះកម្រៃជើងសា៥០% រហូតដល់ចុងឆ្នាំ២០២៣ និងការលេងល្បែងកម្សាន្តផ្សេងៗ ដើម្បីទទួលបានរង្វាន់ជាសាច់ប្រាក់ ឬភាគហ៊ុនដែលដាក់ចូល ក្នុងគណនីវិនិយោគ បន្ទាប់ពីវិនិយោគិនបានដាក់ស្នើ និងទទួលបានគណនីភ្លាមៗ។

ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្សារមូលបត្រកម្ពុជា បានឈានមកដល់ជំនាន់ថ្មីមួយទៀត
ផ្សារមូលបត្រកម្ពុជាជំនាន់ ៣.០តាមរយៈការបើកគណនីជួញដូរតាមអនឡាញ ដោយទទួលបានគណនីជួញដូរភ្លាមៗ បន្ទាប់ពីភ្នាក់ងារក្រុមហ៊ុនមូលបត្រ បានពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានរួចរាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here