តើវិស័យអចលនទ្រព្យនៅកម្ពុជា នឹងមានការប្រែប្រួលយ៉ាងដូចម្តេចនៅឆ្នាំ២០២១?

ដោយ៖ លក្ខិណា
ភ្នំពេញ៖ វិបត្តិកូវីដ១៩ នៅតែបន្តអូសបន្លាយ នាំឱ្យវិស័យជាច្រើន ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា រងផលប៉ះពាល់ និងមិនទាន់ងើបឡើងវិញនៅឡើយ ខណៈសម្រាប់វិស័យអចលនទ្រព្យវិញឃើញថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ ក៏រងផលប៉ះពាល់ផងដែរ ដែលធ្វើឱ្យសកម្មភាពនៃវិស័យនេះមួយផ្នែក ត្រូវរងផលប៉ះពាល់ខ្លាំង និងមួយផ្នែកទៀតប៉ះពាល់មធ្យម។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា វិស័យអចលនទ្រព្យកម្ពុជាសម្រាប់ឆ្នាំ២០២១ ខាងមុខនេះ នៅតែមិនទាន់អាចព្យាករណ៍បាននៅឡើយថា វានឹងល្អប្រសើរឡើងវិញដូចកាលមុនកូវីដ១៩ឬយ៉ាងណានោះទេ។

លោកថា “វាអាចល្អ ឬមិនល្អ អាស្រ័យលើវ៉ាក់សាំងកូវីដ១៩ ដែលពិភពលោកកំពុងសិក្សា និងផលិត បើសិនជាវ៉ាក់សាំងនោះ មានប្រសិទ្ធភាព និងអាចប្រើប្រាស់បាន នោះវិស័យអចលនទ្រព្យ នឹងទទួលបានភាពល្អប្រសើរឡើងវិញ ជាមួយនឹងកំណើនវិនិយោគិនបរទេសចូលមកកម្ពុជា ហើយក៏អាចធ្វើឱ្យសកម្មភាពវិនិយោគក្នុងវិស័យនេះ ចាប់ផ្ដើមកក្រើកឡើងវិញផងដែរ”។

លោក បន្តថា សម្រាប់បច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍន៍ធំៗ ដែលមានគម្រោងតាំងពីយូរហើយ នៅតែបន្ត តែសម្រាប់គម្រោងខ្លះបានផ្អាកសិន ហើយគម្រោងតូចៗក៏ពន្យារពេល តែយ៉ាងណាក៏ដោយ ក៏សកម្មភាពវិនិយោគអចលនទ្រព្យនៅកម្ពុជា នៅតែមានភាពសកម្មភាពគ្រាន់ តែសកម្មភាពទាំងនោះថមថយខ្លះ ធៀបនឹងមុនកូវីដ១៩កើតឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីប្រឹក្សាសមាគមអចលនទ្រព្យសាកល ស្ថាបនិកនិងជាអគ្គនាយកនៃគេហទំព័រPropertyarea.asia លោកយិន លាងគង់ដែលបានតាមដានដំណើរវិវត្តន៍ នៃសេដ្ឋកិច្ច និងអចលនទ្រព្យ បានធ្លាប់បានលើកឡើងថា គ្រប់ស្ថាប័នហិរញ្ញវត្ថុធំៗលើពិភពលោក សុទ្ឋតែព្យាករណ៍ពីសន្ទុះនៃការងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ហើយរដ្ឋាភិបាលបានព្យាករណ៍ផងដែរថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើង៣,៥ភាគរយ ដែលជាសញ្ញាវិជ្ជមានសំរាប់វិស័យនេះ។

លោកបន្តថា “ស្ទើរគ្រប់ផ្នែកនៃវិស័យអចលនទ្រព្យ នឹងមានការរីកចម្រើន ដោយសារសកម្មភាពសេដ្ឋកិច្ចកម្ពុជា ចាប់ផ្តើមវិលមករកភាពប្រក្រតីវិញដែលនេះជាការប្រមើលមើលរបស់ធនាគារពិភពលោក”។លោកបន្តថា “ការចាប់ផ្តើមអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន(FTA)កម្ពុជានឹងទទួលបានផលចំណេញច្រើនពីកាលានុវត្តន៍ភាពមាសនេះ ពិសេសកម្ពុជាបាននិងកំពុងធ្វើពិពិធកម្ម ទីផ្សាររបស់ខ្លួនកាន់តែទូលំទូលាយក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក”។

លោកយិន លាងគង់បានបន្តថា ភាពអំណោយផលនៃសេដ្ឋកិច្ច ការកសាងបទ ដ្ឋានគតិយុត្តិរបស់រដ្ឋាភិបាល ដែលទទួលសម្រួលនិងលើកទឹកចិត្តអ្នកវិនិយោគ ពិសេសការពង្រីកការសាងសង់ ហេដ្ឋារចនាសម្ព័ន្ឋនឹងជួយឲ្យវិស័យនេះ មានភាពរីកចម្រើនកាន់តែលឿនថែមទៀតនាពេលអនាគត៕

យោងតាមរបាយការណ៍ធនាគារពិភពលោកប្រចាំកម្ពុជា ក៏បានចេញផ្សាយផងដែរពីសកម្មភាពថមថយនៃសំណង់ ខណៈអាជីវករខ្លះបានបញ្ជាក់ថាវិស័យសំណង់នៅរយៈពេលចុងក្រោយនេះ ហាក់ទទួលបានភាពល្អប្រសើរបន្តិចវិញ ។ តែយ៉ាងណាក្ដីក្នុងពេលកម្ពុជាកំពុងជួបវិបត្តិនិងបញ្ហាប្រឈមថ្មីនៃការឆ្លងរាលដាលក្នុងប្រទេសបន្ទាប់ពីព្រឹត្តិការណ៍៣វិច្ឆិកា នៅមិនទាន់ដឹងនៅឡើយពីស្ថានភាពវិនិយោគសំណង់សម្រាប់ចុងឆ្នាំនេះ និងដើមឆ្នាំក្រោយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here